ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងប្រកាសពីគម្រោង ធ្វើសមយុទ្ធរួម​ជាប្រចាំ

ចែករំលែក៖

​នៅថ្ងៃទី​១៦ខែតុលា គណៈបញ្ជាការកម្លាំងទាហានចម្រុះ(JCS) របស់កូរ៉េខាងត្បូង​ បានឲ្យដឹងថា​ ប្រទេសនេះនឹងធ្វើសមយុទ្ធយោធាជាប្រចាំ​មានឈ្មោះថា​Hogukនៅសប្តាហ៍ក្រោយ។
ការធ្វើសមយុទ្ធ​នឹងចាប់ផ្តើមឡើងនៅថ្ងៃទី​១៩-៣០​ខែតុលា​នៅទូទាំងប្រទេស ដោយមានការចូលរួមពីកម្លាំងទាហានជើងទឹក ជើងគោក និងអាកាស រួមទាំងកម្លាំងទាហានជើងទឹកវាយឡើងគោក​ផងដែរ។ យុទ្ធសាស្ត្រនៃការធ្វើសមយុទ្ធ នេះគឺបង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្លាំងទាហាន​ទាំងអស់ក្នុងពេលមានសង្គ្រាម ។ តាមសេចក្តីប្រកាស​ សមយុទ្ធ Hoguk គឺជាសមយុទ្ធប្រចាំឆ្នាំ​របស់កម្លាំងទាហានប្រទេសនេះ ដែលមានយុទ្ធសាស្ត្រការពារ​ និងត្រៀមតបតពេលផ្ទុះសង្គ្រាម។
ដោយសារតែកំពុងប្រឈមបញ្ហាជាច្រើន ពិសេសគឺការឆ្លងរាលដាលកូវីដ​-១៩​​​​ ដូច្នេះការធ្វើសមយុទ្ធដូចកាលពីឆ្នាំ​២០១៩ មិនពង្រីកធំជាងនេះឡើយ។ សមយុទ្ធចម្រុះ Hoguk បានចាប់ផ្តើមធ្វើដំបូងបង្អស់នៅឆ្នាំ​១៩៩៦ ហើយតែងតែធ្វើឡើងរៀងរាល់ចុងឆ្នាំ​និីមួយៗ ។ កូរ៉េខាងជើងតែងតែប្រឆាំង​ការធ្វើសមយុទ្ធនោះ​ ដោយចាត់ទុកថាមានយុទ្ធសាស្ត្រប្រឆាំងកូរ៉េខាងជើង។
ក្នុងពេលដែលកិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូជាមួយអាមេរិក ត្រូវជាប់គាំង កូរ៉េខាងជើងបានខិតខំផលិតអាវុធទំនើបៗជាច្រើន ពិសេសគឺកាំជ្រួចមិីស៊ីល​។​កាលពីថ្ងៃទី១០ខែតុលាកន្លងមក​កូរ៉េខាងជើង​បានដង្ហែក្បួនព្យុហយាត្រា​ទ្រង់ទ្រាយធំក្នុងឱកាសខួបគម្រប់៧៥ឆ្នាំថ្ងៃបង្កើតបក្ស​។ ក្នុងក្បួនព្យុហយាត្រា​ កូរ៉េខាងជើង បានបង្ហាញមីស៊ីលឆ្លងទ្វីបប្រភេទថ្មីដ៏ទំនើប​ ដែលអាមេរិកនិងកូរ៉េខាងត្បូងមិនបានដឹងនោះឡើយ​៕ ធី រីណា


ចែករំលែក៖