ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាឌ្រីមសេ១២៥បើកលឿនមិនប្រយ័ត្នបុកម៉ូតូហុងដាវ៉េវពីក្រោយរបួសមនុស្សប្រុសស្រី៤នាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៤នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិឹងម៉ូតូបើកស្របទិសគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ ស្រុករំដួល។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខភ្នំពេញ១GE-៧៧៩២ បើកបរដោយឈ្មោះទិត្យ សុខជា ភេទស្រី អាយុ ១៨ឆ្នាំ អ្នករួមដំណើរ ឈ្មោះទិត្យ ភក្តី ភេទស្រី អាយុ៨ឆ្នាំ រស់នៅភូមិវាល ឃុំបុស្សមន ស្រុករំដួល។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ នុត បេ ភេទប្រុស អាយុ៤២ឆ្នាំ និងអ្នក រួមដំណើរឈ្មោះ ចាន់ គន្ធី ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ អណ្ដូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាណែវ ពណ៌ខ្មៅ អត់ស្លាកលេខខូចខាតយ៉ាងដំណំ។

បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានមនុស្សប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាណែវពណ៌ខ្មៅក្នុងទិសដៅពីជើងទៅត្បូងខណៈនោះស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅជិះគ្នា២នាក់ក្នុងទិសដៅស្របគ្នាដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បុកពីក្រោយម៉ូតូហុងដាណែវពេញទំហឹងបណ្ដាលឲ្យដួលរដូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ត្រូវបានសមត្ថកិច្ចដឹកយកមកសង្គ្រោះក្នុងមន្ទីរពេទ្យ។ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចកិច្ចវាស់វែងនិងអូសយកមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កែដើម្បីដោះស្រាយពេលក្រោយ៕យឹម សុថាន


ចែករំលែក៖