ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា នឹងធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ច្រើន ភាគពាយ័ព្យ ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ នឹងធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ច្រើន ភាគពាយ័ព្យ ក្បែរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១៦ ខែតុលានេះ ។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា យោងតាមការវិវត្តនៃស្ថានភាពអាកាសធាតុ មកដល់វេលានេះ ឃើញថា ប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើកម្ពុជាកាន់តែបង្កើនឥទ្ធិពលជាលំដាប់ ។ ចំណែកវិសម្ពាធ ដែលបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងថា វានឹងក្លាយទៅជាព្យុះទី ១៧ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ នោះ ពេលនេះវាស្ថិតនៅត្រឹមកម្រិតជាវិសម្ពាធដដែល ដោយមានល្បឿនខ្យល់អតិបរមា ១៥ ម៉ែត្រក្នុងមួយវិនាទី ដែលទាបជាងល្បឿនរបស់ព្យុះ (Tropical Storm) តែ ២ ម៉ែត្រក្នុងមួយវិនាទីតែប៉ុណ្ណោះ។ វិសម្ពាធនេះនឹងធ្វើដំណើរឆ្ពោះចូលមកលើភាគកណ្តាលប្រទេស វៀតណាមនៅ ថ្ងៃ ១៧ ខែតុលា ឆ្នាំ ២០២០ ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នៅតាមបណ្តាខេត្តភាគពាយ័ព្យ បណ្តាខេត្តនៅភូមិសាស្ត្រជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត ។ ចំណែកនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ មានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖