ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ហុីយ៉ាន់ដាយ ធុនធំដឹកដីខ្សាច់ជាន់ហ្វ្រ័ងមិនជាប់បុកគូថរថយន្ត Ford ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត HYUDAI ធុនធំដឹកដីខ្សាច់ធ្ងន់ជាន់ហ្វ្រ័ងមិនជាប់ជ្រុលបុកគូថរថយន្ត Ford ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាតគូថក្រោយយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០  ត្រង់ចំណុចស្ដុបបាគូ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្ត បានឲ្យដឹងថា  មុនពេលកើតហេតុរូបគេបានបើករថយន្តម៉ាក HYUDAI បែនធុនធំដឹកដីខ្សាច់មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣E-៣៧០៤ ចេញមកពីកន្លែងដឹកដីខ្សាច់ បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏ជិតដល់ភ្លើងស្តុបបាគូ មកដល់ចំណុចកើតហេតុខាងលើនោះ ក៏រូបគេជាន់ហ្វ្រ័ងរថយន្ត ដើម្បីបើកបន្ថយល្បឿនតិចៗ តែរូបគេជាន់ហ្វ្រ័ងមិនស៊ី ក៏ជ្រុលទៅបុកគូថរថយន្តម៉ាក Ford  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BD-៦២១៣ ដែលឈប់ចាំភ្លើងស្តុប ចំពីក្រោយគូថពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលបន្តទៅខាងឆ្វេងដៃបុកទ្រូងផ្លូវមួយតង់ទៀតបាក់អស់មួយផ្ទាំង បណ្តាលឲ្យរថយន្តម៉ាក Ford រងការខូចខាតបែកកញ្ចក់ខាងក្រោយ និងស្តុបខាងឆ្វេងយ៉ាងដំណំ។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យស្នងការរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ជីម​ ភារ៉ា​


ចែករំលែក៖