ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានជំរុញឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក និងរាយការណ៍ជាប្រចាំដើម្បីត្រៀមលក្ខណៈទប់ស្កាត់ជាមុនបើសិនជាករណីកម្ពស់ទឹកមានការកើនឡើងបន្ថែមនោះ។
ការជំរុញបែបនេះបន្ទាប់ពីលោកអភិបាលខេត្តចុះពិនិត្យការដំឡើងម៉ាស៉ីនបូមទឹកមួយគ្រឿងបន្ថែមទៀតនៅចំណុចជាប់របងតារាងបាល់វិទ្យាល័យស្វាយរៀងនៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតក្នុងសង្កាត់/ក្រុងស្វាយរៀង។
លោកបន្តថា ការដំឡើងម៉ាស៉ីនបូមទឹកមួយគ្រឿងបន្ថែមទៀតនៅចំណុចជាប់របងតារាងបាល់វិទ្យាល័យស្វាយរៀងគឺដើម្បីត្រៀមប្រើប្រាស់សម្រាប់បូមទឹកចេញពីក្រុងឱ្យបានឆាប់ក្នុងករណីមានការជន់លិច ព្រមទាំងប្រចាំការតាមដានស្ថានភាពអាងទឹកទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។
លោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានមន្ទីរពាក់ព័ន្ធមិនត្រូវមានការធ្វេសប្រហែសនោះទេ ត្រូវបន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជានិច្ចក្នុងដំណាក់កាលនៃប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលព្យុះនេះ ។
ក្នុងឱកាសនោះលោកស្រីដួង វណ្ណាក៏បានឧបត្ថម្ភនូវសំបកបាវដល់មន្ទីរសាធារណការចំនួន១០០០ដើម្បីត្រៀមទុកដាក់ដីទប់ទឹកក្នុងករណីមានជំនន់ទឹកភ្លៀង។គិតមកដល់ថ្ងៃនេះ ស្ថានភាពកម្ពស់ទឹកទន្លេវ៉ៃគោមានការស្រកចុះជាបណ្តើរៗហើយ បើប្រៀបធៀបទៅនឹងស្ថានភាពកម្ពស់ទឹកកាលពីម្សិលមិញនោះ៕យឹម សុថាន