ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងធ្វើឱ្យពលរដ្ឋភ័យខ្លាចក្នុងការលិចលង់ផ្ទះសម្បែង ផលដំណាំ សត្វពាហន: និងបង្កដល់អាយុជីវិតមនុស្ស

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី១៦ និងឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ព្រោះតែភ្លៀងទាំងយប់ទាំងថ្ងៃ មិនឈប់ឈរប៉ុន្មានថ្ងៃជាប់ៗគ្នានោះ ទើបធ្វើឱ្យជំនន់ទឹកភ្លៀងបន្តលិចលង់ ដោយធ្វើឱ្យទឹកហូរចេញពីចំណុចអូរឃ្លៀងជន់លិចប៉ះពាល់ដល់ផលដំណាំ ដូចជាស្រូវពោត សណ្តែក បន្លែផ្សេងៗ ដែលជិតប្រមូលផល និងកំពុងប្រមូលផលបណ្តើរៗ រួមនឹងសត្វពាហនៈ ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នង ហើយទឹកជំនន់ក៏កំពុងគំរាមកំហែង ទៅលើផ្លូវនិងស្ពានមួយចំនួនស្ថិតក្នុងឃុំព្រែកមាស ក្នុងនោះមានចំនួនបួនភូមិក្នុងទីរួមស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នខណៈភ្លៀងកំពុងធ្លាក់មិនឈប់ឈរប៉ុន្មានថ្ងៃមកនេះ ទើបធ្វើឱ្យទឹកជន់ជោរហូរហៀរចេញពីចំណុចអូរឃ្លៀងចូលលិចតាមក្រោមផ្ទះ  និងផ្ទះតៀមខ្លះត្រូវទឹកហូរចូលមិនអាចរស់នៅបានឡើយ និងលិចផលដំណាំអស់ជាច្រើន ដូចជាស្រូវរងផលប៉ះពាល់ច្រើនជាងគេ រីឯសត្វជ្រូកគោក្របី មាន់ទាបានជម្លៀសទៅរកទីទួលសុវត្ថិភាពមុនពេលទឹកហូរមកដល់។ ពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរស្រុក និងខេត្ត មេត្តាជួយដល់ពួកគាត់ផង ព្រោះទម្រាំនឹងទឹកស្រកទៅវិញស្រូវនិងផលដំណាំផ្សេងៗទៀតនិឹងរងការងាប់រលួយអស់ជាក់ជាមិនខានឡើយ។

ជុំវិញរឿងនេះលោកណយ ខុង មេឃុំព្រែកមាស បានឲ្យដឹងដែរថា ការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ គឺប៉ះពាល់ចំនួន៤ភូមិគឺភូមិខិ:ស្វាយ, ភូមិ ខិ:ក្រោម, ភូមិពងក្រៀល និងភូមិកាំភោគ ស្ថិតក្នុងឃុំព្រែកមាស។ ក្រោយពីដឹងព័ត៌មានមកថា មានការជន់លិចដោយសារជំនន់ទឹកភ្លៀងនោះ រូបលោកជាមេឃុំក៏បានដឹកនាំក្រុមការងារឃុំចុះមកដល់កន្លែងទឹកជំនន់នេះតែម្តងដើម្បីពិនិត្យស្ថានការណ៍ជាក់ស្តែង ហើយទឹកជំនន់នេះគឺជាទឹកភ្លៀងទេ មិនមែនទឹកទន្លេអីឡើយ កាលណាមេឃឈប់ភ្លៀងទឹកនិឹងស្រកទៅវិញហើយ។ ជាក់ស្តែងទឹកនេះទើបតែនិឹងឡើងដែរទេ គឺរយ:ពេលពីរថ្ងៃព្រោះតែភ្លៀងជាប់គ្នា ទើបធ្វើឱ្យទឹកឡើងហូរចូលលិចផលដំណាំបងប្អូនប្រជាពលរដ្ឋ ដូចជាស្រូវរបស់ពួកគាត់អស់ជាច្រើន សរុបប្រហែលជាង២រយហិកតា តែមិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វពាហនៈឡើយ។ 

លោកបន្តថា: ទឹកគឺចាប់ផ្តើមឡើងចូលលិចផលដំណាំនេះ ចាប់ពីម៉ោងជិត១២យប់ ថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៧ខែតុលានេះ ទឹកក៏នៅតែបន្តឡើងសន្សឹមៗ និងហូរកាត់ផ្លូវ និងហូរក្រោមស្ពានខ្លាំងគួរសមដែរ។ បញ្ហានេះលោកនឹងរាយការណ៍ជូនលោកអភិបាលស្រុក ដើម្បីមានវិធានការបន្តទៀត សម្រាប់ត្រៀមលក្ខណ:គ្រប់គ្រាន់ ក្រែងមានការជោរជន់ទឹកលិចខ្លាំងជាងនេះបន្តទៀត ព្រោះមេឃនៅតែភ្លៀងទឹកនឹងបន្តជន់លិច អាចប៉ះពាល់សត្វពាហនៈ និងមនុស្សយើងផងដែរ។

រីឯការប៉ះពាល់ខូចខាតផលដំណាំបងប្អូន ទឹកស្រកទើបដឹងចំនួនសរុបនៃការខូចខាតផលដំណាំទាំងនេះ៕

   

ដោយ៖មាស សុផាត


ចែករំលែក៖