ខេត្តកំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់បានទៅបង់សំណាញ់យកត្រីបែរជាជាប់បានម៉ូតូហុងដាស្គូពី១គ្រឿងទៅវិញ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលប្រជាពលរដ្ឋបង់សំណាញ់បាននេះម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-8790 ផលិតនៅឆ្នាំ២០១៩ ។ ក្រោយពីបង់សំណាញ់បានពលរដ្ឋរូបនេះបានទំនាក់ទំនងប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកពិនិត្យ ហើយប្រកាសរកម្ចាស់ ។
ប្រភពពីប្រជាពលរដ្ឋអ្នកបង់សំណាញ់នេះបានឱ្យដឹងទៀតថា ពេលដែលគាត់បានបង់សំណាញ់ចូលទៅក្នុងទឹកហើយស្រាប់តែស្រាវសំណាញ់មកវិញមិនរួច គាត់នឹកស្មានថាសំណាញ់ជាប់ថ្ម ក៏បានចុះទៅដោះសំណាញ់ក្នុងទឹក ហើយ ក៏បានប្រទះឃើញម៉ូតូដែលមានភិនភាគដូចខាងលើនេះជាប់សំណាញ់របស់គាត់។ ខណៈនោះគាត់ក៏បានទូរស័ព្ទទៅជម្រាបលោកដែលជានាយប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃផ្ទាល់ ដើម្បីចុះទៅពិនិត្យមើលនៅទីតាំងកន្លែងកើតហេតុ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពន្លៃបានប្រាប់ថា ក្រោយពីប្រកាសតាមបណ្តាញសង្គម និងប្រាប់តៗគ្នាតាមភូមិដើម្បីរកម្ចាស់រួចមក នៅវេលាម៉ោងប្រមាណជាង៤និង៣០នាទីរសៀលបានរកម្ចាស់ឃើញនៅក្នុងភូមិពោធិ៍ម្រះ ឃុំពន្លៃ ស្រុកបរិបូណ៌ បានមកអះអាងថា គឺជាម៉ូតូរបស់គាត់ ដែលកូនរបស់គាត់ជិះមកពីភ្នំពេញយប់មិញ ហើយស្រវឹងស្រាទើបបើកធ្លាក់ចូលទៅក្នុងប្រឡាយទឹកនេះ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចបានឲ្យយកកាតគ្រីម៉ូតូ និងឯកសារដែលពាក់ព័ន្ធជាមួយនឹងម៉ូតូខាងលើនេះមកបង្ហាញសមត្ថកិច្ចដើម្បីផ្ទៀងផ្ទាត់សិន ទើបសមត្ថកិច្ចប្រគល់ម៉ូតូទៅឱ្យម្ចាស់វិញ៕ដោយ៖ចន្ថា