តាមគម្រោងក្រុមហ៊ុនអាមេរិកចំនួនពីរ នឹងដាក់លិខិតស្នើសុំច្បាប់បន្ទាន់ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅចុងខែវិច្ឆិកាខាងមុខ។
សារព័ត៌មាន AFP បានផ្សាយថា ក្រុមហ៊ុនឱសថ Pfizer នៅថ្ងៃទី១៧ខែតុលា បានប្រកាសថា ក្រុមហ៊ុននឹងស្នើសុំច្បាប់ក្រោយពេលមានតួលេខស្តីពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង។ នៅសប្តាហ៍ទី៣ នៃខែវិច្ឆិកា ក្រុមហ៊ុននឹងចាប់ផ្តើមស្នើសុំការអនុញ្ញាតជាផ្លូវការ។
អគ្គនាយកក្រុមហ៊ុន Pfizer លោក Albert Bourla បានឲ្យដឹងថា ក្រុមហ៊ុននឹងដាក់លិខិតស្នើសុំច្បាប់ប្រើប្រាស់ជាបន្ទាន់នៅអាមេរិក ក្រោយការទទួលលទ្ធផលពីកម្រិតសុវត្ថិភាព និងចេញជាផ្លូវការនៅសប្តាហ៍ទី៣ក្នុងខែវិច្ឆិកា»។
តាមសេចក្តីប្រកាសខាងលើ អាមេរិក នឹងមានវ៉ាក់សាំងពីរប្រភេទនៅចុងឆ្នាំ២០២០នេះ។ កន្លងមក ក្រុមហ៊ុន ឱសថ Moderna មានទីតាំងនៅរដ្ឋ Massachusetts បានស្នើសុំការអនុញ្ញាតច្បាប់នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០។
ក្រុមអ្នកឯកទេសបានលើកឡើងថា បើទោះបីទទួលបានការអនុញ្ញាត ប៉ុន្តែក្រុមហ៊ុនត្រូវការពេលវេលាច្រើនទៀតទើបអាចចែកចាយប្រើប្រាស់ទូលំទូលាយបាន។ បច្ចុប្បន្នអាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងជាង៨លាននាក់ហើយ ។ អាមេរិកជាប្រទេសរងគ្រោះខ្លាំងជាងគេដោយកូវីដ-១៩ ដោយមានអ្នកស្លាប់ជាង២១៨ពាន់នាក់ ៕ដោយ៖ធី រីណា