ភ្នំពេញ៖ សត្វក្រពើទម្ងន់ជាង៣០គីឡូក្រាម ដែលរួចពីកសិដ្ឋានមួយកាលពីប៉ុន្មានថ្ងៃមុន នៅខណ្ឌដង្កោ ដោយសារទឹកជន់លិច ត្រូវបានអាជ្ញាធរ រកឃើញ និងចាប់បានវិញហើយនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស។ ក្រោយចាប់បានសមត្ថកិច្ចប្រគល់ក្រពើមួយក្បាលនេះ ជូនម្ចាស់កសិដ្ឋានវិញ និងបានណែនាំម្ចាស់ទីតាំង ត្រូវបង្កើនពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរក្សាសុវត្ថិភាព។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សត្វក្រពើមួយក្បាលនេះ បានរួចចេញពីកសិដ្ឋានមួយកន្លែងនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ទីដែលកំពុងរងនូវការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺជាកន្លែងដែលចិញ្ចឹមសត្វក្រពើយូរណាស់មកហើយ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ។ ក្នុងកសិដ្ឋាននោះចិញ្ចឹមក្រពើសរុបជាង១,០០០ក្បាល។
តាមពិតទៅនៅ មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កំពុងធ្វើការសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសចេញពីលំនៅឋាន ដើម្បីទៅយកទីទួលសុវត្ថិភាព។
ការទទួលដំណឹងថា ក្រពើ១ក្បាលបានរួចពីកសិដ្ឋានចិញ្ចឹមខាងលើ ទាំងអាជ្ញាធរ សមត្ថកិច្ចបានខិតខំ ស្វែងប្រមាញ់ចាប់ ចុងក្រោយអាជ្ញាធរអៈអាងថា៖ ចាប់បានវិញហើយ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់នូវការភិតភ័យ ព្រួយបារម្ភ៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច