ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១៧ ខែតុលា មានមនុស្ស៣នាក់ស្លាប់ដោយសារលង់ទឹកនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិឬផ្សេងៗ ខណៈមួយរយៈនេះជំនន់ទឹកភ្លៀងកំពុងជន់លិចគ្រប់តំបន់។ ជាក់ស្ដែងកាលពីម្សិលមិញថ្ងៃសៅរ៍ ១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន៣នាក់ ជាបន្តបន្ទាប់យ៉ាងសង្វេគ ។

 ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ អាជ្ញាធររដ្ឋបាលមូលដ្ឋានទទួលបណ្ដឹង និងរាយការណ៍ពីឈ្មោះ មិត្ត រឹទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ជា គា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២នាក់បច្ចុប្បន្ន រស់នៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង សុំជួយធ្វើអន្តរាគមន៍បន្ទាប់ពីបាត់កូនស្រីពួកគាត់ចំនួន២នាក់ មិនដឹងទៅណា។ ក្មេងស្រីដែលបាត់ខ្លួនទាំងពីរនាក់ ទី-១ ឈ្មោះ រិទ្ធ ម៉ូលីកា អាយុ ៧ឆ្នាំ និងទី-២ ឈ្មោះ ឡៃ ស្រីមួយ អាយុ ៩ឆ្នាំ។ ក្រោយមកស្រាប់តែនៅរសៀលថ្ងៃខាងលើ សមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៌មានថាគេប្រទះឃើញសពក្មេងស្រីម្នាក់អណ្ដែតទឹកស្ទឹង  (សពឈ្មោះឡៃ ស្រីមួយ)។ ចំណែកក្មេងស្រីឈ្មោះ រឹទ្ធ ម៉ូលីកា ពុំទាន់រកសពឃើញនៅឡើយទេ ។

ប្រភពដដែលបញ្ជាក់បន្តទៀតថា លុះមកដល់រសៀលថ្ងៃដដែលសមត្ថកិច្ចបានទទួលព័ត៌មានពីលោកមេភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្ដៀងថា មានមនុស្សលង់ទឹក១ករណីបានកើតឡើងដែរ ដោយជនរងគ្រោះឈ្មោះ ទឹម គា ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ខណៈជនរងគ្រោះ(ទឹម គា)ផឹកស្រាស្រវឹងជាប្រចាំ ។

ដោយឡែក លោក អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ ខែតុលានេះថា សពក្មេងស្រីឈ្មោះ រិទ្ធ ម៉ូលីកា រកឃើញហើយកំពុងចាត់ចែងកម្លាំងទៅយកសព។ ករណីមនុស្សលង់ទឹកស្លាប់ចំនួន៣នាក់ជាបន្តបន្ទាប់នេះ សមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ 

ដោយ៖បុឹម ពិន


ចែករំលែក៖