ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០ បានថ្លែងថា ៖ សូមប្រុងប្រយ័ត្ន!សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបន្ទាយស្រីជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហុក(Flash Flood) ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។
លោកបញ្ជាក់ថា៖ ស្រុកបន្ទាយស្រីកំពុងទទួលរងឥទ្ធិពលនៃព្យុះដែលជាហេតុធ្វើអោយភ្លៀងធ្លាក់ជោកជាំនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែន ធ្វើឲ្យកម្ពស់ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងពីកម្ពស់៣,៣ម៉ែត្រ ដល់៥,៥ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងចុងក្រោយនេះ។ ស្ថានភាពនេះស្ថិតនៅកៀកនឹងកម្រិតប្រកាសអាសន្ន(៦ម៉ែត្រ) ដែលនឹងតម្រូវឱ្យមានការជម្លៀសប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាព។
លោកអភិបាលបានបញ្ជាក់ថា៖ ផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និងផ្លូវគ្រួសក្រហមមួយចំនួនទៀត ត្រូវបានទឹកហូរឆ្លងកាត់ និងហូរជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ។ រហូតមកដល់ពេលនេះ រដ្ឋបាលស្រុកបានសហការជាមួយកម្លាំងកងពលធំអន្តរាគមលេខ២ចំនួន៩០នាក់ ជួយជម្លៀសប្រជាពលរដ្ឋដែលជាប់គាំងដោយសារទឹកជំនន់ចំនួន ១១គ្រួសារនៅក្នុងភូមិកំព្រហ្ម ឃុំឃុនរាម រួចមកហើយ។
អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រីកំពុងត្រៀមកម្លាំងអន្តរាគមន៍ និងដុតដៃដុតជើងកាយបើកមុខទឹក ព្រមទាំងតាមដានឃ្លាំមើលជាប្រចាំចំពោះស្ថានភាពវិវឌ្ឍនៃទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រីបន្តទៀត៕
ដោយ៖សុខ ខេមរា