ភ្នំពេញ ៖ កាលព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោកជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ រួមនិងសមាជិក សមាជិកា១ចំនួនទៀត បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា១ចំនួនដែលជាអំណោយរបស់ក្រុមការងារ និងសប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងអ្នកប្រឈមនឹងជំនន់ទឹកភ្លៀង ចំនួន២០០គ្រួសរ មកពីភូមិទាំង៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដោយក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកា២ម៉ឺនរៀល។
ថ្លែងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនាខណៈនោះ លោក ជា ខេមា បានមានប្រសាសន៍ថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្រុមការងារចុះជួយសង្កាត់ បានរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរក្នុងការកសាង និងអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចំរើន ក្នុងគោលដៅលើកស្ទួយ ស្ថានភាព ជីវភាពរស់នៅប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ។ ក្រៅពីនេះក៏បានរួមចំណែក ក្នុងការដោះស្រាយការលំបាក នៅពេលដែលប្រជាពលរដ្ឋ សមាជិកសមាជិកា ជួបប្រទះ។ កន្លងមកនេះ ក្រុមការងារក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកាទៅចែកជូន ប្រជាពលរដ្ឋក្រីក្រី ក្នុងមូលដ្ឋានជាបន្ដបន្ទាប់ ពិសេស នៅពេលមានបុណ្យទានធំៗផងដែរ។
លោកបានលើកឡើងថា បច្ចុប្បន្ននេះរាជធានីខេត្ត១ចំនួនក្នុងប្រទេស កម្ពុជាកំពុងជួបប្រទះនូវគ្រោះទឹកជំនន់ ដូចជានៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ជាដើម ត្រូវទទួលរងនូវការលិចលង់យ៉ាងខ្លាំង។ ស្ថិតក្នុងស្ថានភាពនេះ អាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពិសេសប្រមុខរាជរដ្ឋភិបាលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រី កំពុងដុដៃដុតជើងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនេះ។ តែទោះជាយ៉ាងនេះក្ដី ក៏មានប្រជាពលរដ្ឋ១ចំនួន បានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិនេះផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោក ជាខេម៉ា បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកព្នៅ ទាំងអស់ ដែលរស់នៅតាមមាត់ព្រែក និងតាមដងទន្លេសាបថ្វីត្បិតតែពេលនេះពុំទាន់មានការលិចលង់ខ្លាំង តែសូមមានការប្រុងប្រយ័ត្នខ្ពស់ ពីបញ្ហាសន្ដិសុខ សុវត្ថិភាពផ្ទាល់ខ្លួន ពិសេសកូន ចៅតូចៗ ព្រោះថាបញ្ហាគ្រោះធម្មជាតិយើងពិបាកប៉ាន់ស្មានណាស់ វានឹងអាចកើតឡើងដែលមិននឹកស្មានដល់ ដូចនេះមានតែវិធានការការពារ ប៉ុណ្ណោះទើបប្រសើរ។
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឱ្យមនុស្ស ២០នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋជាង២៤ម៉ឺននាក់។ ជាមួយនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបាន ប្រកាសផ្តល់ថវិកាឧបត្ថម្ភជូនគ្រួសារសពទាំង២០សព ដោយក្នុងមួយសពទទួលបាន១០លានរៀល៕
ដោយ៖ ព្រែកសំរោង