បន្ទាយមានជ័យ៖ ក្រោយបរិច្ចាគថវិកា៦០ម៉ឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះដោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ លោក ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងក្នុងផលិតកម្ម របស់លោកចុះចែកអំណោយដោយផ្ទាល់តែម្ដងនៅ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
តារាចម្រៀង លោក ព្រាប សុវត្ថិ លោក ខេម នឹង កញ្ញា តន់ ច័ន្ទសីម៉ា ក៏គេឃើញមានវត្តមានក្នុងពិធីនោះផងដែរ។ខណៈដែលអំណោយដែលក្រុមគ្រួសារ Galaxy Navatra នាំអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង មាន អង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។
សកម្មភាពនេះបញ្ជាក់ឲ្យឃើញថា គឺជាទឹកចិត្តជួយសង្គមពិតរបស់អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េរូបនេះ ចំពោះបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង ពិសេសនោះ គឺជាការចូលរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង ១១និង៣០នាទីថ្ងៃទី១៩ តុលា ២០២០ នេះថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុងចំណោម ឧកញ៉ាល្បីៗដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូបបានចូលរួមបរិច្ចាគថវិកា គេឃើញលោក ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេងណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគថវិកាជូន ៦០ម៉ឺនដុល្លារ ជាចំនួនដែលច្រើនជាងគេ ខណៈដែលអ្នកដែលឈរលេខរៀងទី២ គឺលោក ហុង ពីវ នឹងលោក ចេញ ស៊ី បានចូលចំនួន៥០ម៉ឺនដុល្លារ៕
ដោយ៖ វឌ្ឍនា