ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចុះពិនិត្យ ស្វែងយល់ និងវាយតម្លៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាសខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលស្រុកបន្ទាយមាស អាជ្ញាធរឃុំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងភូមិសាស្ត្រឃុំ ស្តេចគង់ខាងជើង និងបានបន្តដំណើរទៅពិនិត្យទីតាំងសម្រាប់ត្រៀមផ្តល់ស្បៀងជូនគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។

ការពិនិត្យជារួមស្ថានភាពជំនន់ទឹកភ្លៀងនេះមិនមានផលប៉ះពាល់ខ្លាំងដល់បងប្អូនប្រជាពលរដ្ឋឡើយ ដោយមានការលិចផ្ទះសំបែង និងស្រែរបស់បងប្អូនប្រជាពលរដ្ឋក្នុងរយៈពេលខ្លី នៅពេលដែលទឹកភ្លៀងហូរចូលទៅដៃសមុទ្រតាមរយៈការបើកទ្វារទឹក តន់ហន់ អស់ ស្ថានភាពបងប្អូនប្រជាពលរដ្ឋនិងវិលមករកស្ថានភាពធម្មតាវិញ។ តាមការពិនិត្យជាក់ស្តែងប្រជាពលរដ្ឋដែលរងផលប៉ះពាល់តិចតួចពីទឹកជំនន់មានចំនួន១០៣០គ្រួសារ ដែលនឹងត្រូវបានទទួលអំណោយពីរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តកំពត ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស៕

ដោយ៖ សិលា


ចែករំលែក៖