ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងព្រលឹមប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកប្រឡាយនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមពីសំណាក់ក្មេងៗឃ្វាលក្របីបន្ទាប់ពីពួកគេប្រទះឃើញបុរសម្នាក់បានស្លាប់ក្នុងទឹកប្រឡាយទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យសព ខណៈដែលគ្រួសារសពអះអាងថាជនរងគ្រោះមានជំងឺវង្វេងស្មារតី។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ស្ថិតនៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ។

បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះហោ យ៉ង អាយុ ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។

បើតាមអ្នកភូមិបានប្រាប់ឲ្យដឹងថា បុរសខាងលើគឺមានជំងឺវង្វេងស្មារតីដើរនិយាយតែម្នាក់ឯងដោយកន្លងមកក្រុមគ្រួសារធ្លាប់បានយកទៅមន្ទីរពេទ្យពិនិត្យនិងព្យាបាលដែរ ប៉ុន្តែមិនបានធូរស្រាលសោះ។

បើតាមសមត្ថកិច្ចនគរបាលជំនាញស្រុកនគរបាលប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យដែលបានចុះមកពិនិត្យសពបានបញ្ជាក់ថា ជនរងគ្រោះគឺពិតជាស្លាប់ដោយសារលង់ទឹកប្រឡាយប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចនគរបាលបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖