ព័ត៌មានទាន់ហេតុការណ៍៖

ឆក់យកទូរស័ព្ទនារីម្នាក់ពីក្នុងឃ្លុបម៉ូតូតែជិះគេចខ្លួនមិនរួចត្រូវនគរបាលឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់នារីម្នាក់ដែលទុកក្នុងឃ្លុបម៉ូតូ រួចជិះគេចខ្លួនតែមិនបានសម្រេចត្រូវសមត្ថកិច្ចស្រុកអង្គស្នួលក្របួចបាន២នាក់ រីឯ២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ករណីនេះ​បានកើតឡើង​នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទី ត្រង់ចំណុចផ្លូវលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ចាប់ខ្លួនបាន២នាក់ ទី១-ឈ្មោះ សុខ សាន់ដេត ហៅដេត ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២-ឈ្មោះ ឡន ពន្លឺ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួនទី១.ឈ្មោះ អៀង ភេទប្រុស អាយុប្រហែល២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មិនស្គាល់អាសយដ្ឋាន និងទី២-ឈ្មោះ ចាក ឬឈ្មោះ កុដ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មិនស្គាល់អាសយដ្ឋាន។
រីឯជនរងគ្រោះឈ្មោះ មាស ពិសី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់តាមអនឡាញ មានទីលំនៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ដោយឡែកវត្ថុតាងដកហូតបានមាន៖ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០២០។ ចំណែកទ្រព្យសម្បត្តិបាត់បង់មាន ទូរស័ព្ទមួយគ្រឿងម៉ាក iPhone XS Max។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះដើម្បីយកផលិតផលលក់តាមអនឡាញទៅឲ្យភ្ញៀវនៅម្ដុំភូមិឡធ្យូង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានដាក់ទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខ។ លុះជិះដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ហើយបានឆក់យកទូរស័ព្ទពីក្នុងឃ្លុបម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួន ភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយនិងស្រែកថាចោរៗ ហើយបានជួបសមត្ថកិច្ចកំពុងល្បាតនៅតាមផ្លូវ ក៏បានជួយដេញស្ទាក់ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់យកមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សាន់ដេត មានដីកាបង្កាប់ឲ្យចាប់ខ្លួន​លេខ៤៦០ដក.បចខ ពីបទ អំពើលួចមានស្ថានទម្ងន់ទោស ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ ចុះថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ ហើយធ្លាប់ជាប់មណ្ឌលអប់រំកែប្រែកងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន៨ខែផងដែរ៕ ស្អាងជ័យ


ចែករំលែក៖