ពលរដ្ឋបារាំងនៅទីក្រុងប៉ារីសនាំគ្នាធ្វើបាតុកម្មជាទ្រង់ទ្រាយធំនៅថ្ងៃទី១៨ ខែតុលា ដោយលើកស្លាកបដា មានសរសេរអក្សរថា «ប្រឆាំងមនោគមន៍អាក្រក់» «ខ្ញុំជាSamuel» ដើម្បីជាការគោរពដល់សាស្ត្រាចារ្យរងគ្រោះត្រូវក្រុមអ៊ិស្លាមជ្រុលនិយមអារ.កនៅជាយក្រុងប៉ារីស។
ពលរដ្ឋបារាំងបង្ហាញពីក្តីឈឺចាប់យ៉ាងខ្លាំង ដោយនាំគ្នាដង្ហែក្បួនបាតុកម្ម និងបង្ហាញការឈឺចាប់ ចំពោះការស្លាប់របស់សាស្ត្រាចារ្យ Samuel Paty វ័យ៤៧ឆ្នាំ ត្រូវយុវជនអ៊ិស្លាមជ្រុលនិយមកាត់ក្បាលកាលពីថ្ងៃទី១៦ខែតុលា។
ក្រៅពីទីក្រុងប៉ារីស នៅទីក្រុង Bordeaux ពលរដ្ឋក៏បាននាំគ្នា ដង្ហែក្បួនបាតុកម្មប្រឆាំងនឹងអំពើព្រៃផ្សៃនេះដែរ។ រដ្ឋាភិបាលបារាំងបានប្រកាសថា នៅថ្ងៃទី២១ ខែតុលា ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេសដើម្បីគោរពវិញ្ញាណក្ខន្ធសាស្ត្រាចារ្យត្រូវគេសម្លាប់។
ក្រៅពីទីក្រុងប៉ារីស នៅមានទីក្រុងToulouse , Bordeaux, Lyon, Strasbourg, Nantes, Marseille និង Lille ក៏បាននាំគ្នាធ្វើបាតុកម្មផងដែរ។
សាស្ត្រាចារ្យSamuel Paty បង្រៀនពីប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ នៅសាលាមធ្យមសិក្សា Bois-d’Aulne ស្ថិតនៅស្រុកConflans-Sainte-Honorine ចម្ងាយពីទីក្រុងប៉ារីស៣០ គីឡូម៉ែត្រ។ ជនដៃដល់មានឈ្មោះ Abdullakh Anzoro អាយុ១៨ឆ្នាំត្រូវប៉ូលិសបាញ់សម្លាប់ដោយសារមានសកម្មភាពប្រឆាំងប៉ូលិស។
ជាមួយគ្នានេះដែរ បារាំង បានសម្រេចបណ្តេញជនបរទេសដែលមានទស្សនៈអ៊ិស្លាមជ្រុលនិយម២៣១នាក់ចេញពីបារាំង ។
អ្នកទាំងនោះស្ថិតនៅក្នុងបញ្ជីតាមដាននៃការវាយប្រហារភេរវកម្ម។ ក្នុងចំណោមនោះមាន១៨០នាក់បានចាប់ឃុំខ្លួនរួចហើយ នៅសល់៥១នាក់ទៀតកំពុងតែស្វែងរកចាប់ខ្លួន ៕ដោយ៖ធី រីណា