ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមជម្រាបជូនដំណឹងបន្ថែមទៀត ដល់ពុកម៉ែមាមីងបងប្អូនគិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹកអូរព្រំដែនកើនឡើង និងហូរបុកលើកំណាត់ផ្លូវក្បែរដល់រង្វង់មូលប៉ោយប៉ែត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានេះក៏បានបង្ករឲ្យមានការជនលិចក្នុងភូមិមួយចំនួន ដែលក្រុមការងារបានជម្លៀសប្រជាពលដ្ឋមកកាន់ទីទួលសុវត្ថិភាពប្រមាណ ១.០០០ គ្រួសារក្នុងថ្ងៃនេះ ។
រដ្ឋបាលខេត្តបានឱ្យដឹងថា៖ ល្ងាចថ្ងៃទី១៩ តុលានេះដែរ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ឡាយ គឹមលី នាយកខុទ្ទកាល័យ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារកងកម្លាំង អាជ្ញាធរក្រុង បានចុះពិនិត្យមើលស្ថានភាពទឹកនៅរង្វង់មូល អូរព្រំដែន និងជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព រៀបចំកន្លែងឲ្យពួកគាត់រស់នៅ និងផ្តល់ស្បៀងសង្គ្រោះបន្ទាន់ជាជំហ៊ានដំបូង ១.០០០គ្រួសារ នាវេលាយប់នេះផងដែរ ។
សូមពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបជាព័ត៌មាន ជាពិសេសបងប្អូនក្នុងក្រុងប៉ោយប៉ែត សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំងឱ្យបានទាន់ពេលវេលា ៕
ដោយ៖ សិលា