ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសពក្មេងស្រីម្នាក់ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៅតំបន់ក្បាលឆាយហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ក្មេងស្រីម្នាក់ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៅតំបន់ក្បាលឆាយ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានរកឃើញហើយនៅវេលាម៉ោង ៧៖៥៥ នាទី ។ 

សូមបញ្ជាក់ថា​ នៅល្ងាចថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរកក្មេងស្រីម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៃតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ  ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

ប្រតិបត្តិការស្វែងរកក្មេងស្រីខាងលើ គឺធ្វើឡើងនៅវេលាម៉ោង០២រសៀល បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដោយប្រើប្រាស់កម្លាំងសរុបរបស់ខេត្តធ្វើការរុករកនៅលើទីតាំងដែលក្មេងស្រីខាងលើរអិលជើងធ្លាក់ចូល និងទីតាំងផ្សេងទៀត រហូតដល់ម៉ោង១៨ និង០០នាទីល្ងាច នៅតែមិនទាន់រកឃើញ។ តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញបានលើកឡើងថា ក្មេងស្រីខាងលើគឺស្លាប់បាត់បង់ជីវិតហើយ។ ដោយសារស្ថានភាពយប់ងងឹត និងល្បឿនទឹកធ្លាក់បោកចុះខ្លាំង ទើបលោក អភិបាលខេត្ត សម្រេចដកកម្លាំងកំពុងធ្វើការរុករកឡើងមកលើគោកវិញ ដើម្បីការពារសុវត្ថិភាពរបស់ក្រុមជួយសង្រ្គោះរបស់យើង។ ទន្ទឹមនេះលោកអភិបាល បានដាក់ចេញនូវផែនការស្វែងរកក្មេងស្រីរងគ្រោះនៅព្រឹកស្អែកបន្តទៀត ដោយលោកបានមានប្រសាសន៍បន្ថែមថាទោះបីក្មេងស្រីខាងលើស្លាប់បាត់បង់ជីវិតក៏ដោយ ក៏យើងត្រូវស្វែងរកសាកសពឱ្យឃើញដែរ៕

ដោយ៖ ស សម


ចែករំលែក៖