ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងដើររអិលជើងដួលចូលទឹកជំនន់ឡើងជិតមុខផ្ទះលង់ស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ ខណៈដែលបុរសរូបនោះបានផឹកស៊ីនៅតូបអ្នកលក់នាចុងភូមិ  ហើយពេលស្រវឹងស្រាជោកហើយក៏ដើរត្រឡប់ទៅផ្ទះវិញ តែពេលដើរទៅជិតដល់ផ្ទះហើយស្រាប់តែរអិលជើងដួលចូលទឹកជំនន់ដែលមានជម្រៅត្រឹមចង្កេះលង់ស្លាប់តែម្ដង។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២១ខែតុលា ឆ្នាំ២០២០នៅត្រង់ចំណុចក្រុមទី៨ ភូមិ​ក្បាលថ្នល់ ឃុំកំពង់ព្រៀង​ ស្រុក​សង្កែ ខេត្តបាត់ដំបង។

បើតាមសមត្តកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះលង់ទឹកស្លាប់មាន ឈ្មោះគង់​ សម្បត្តិ​ ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ   រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចមូលដ្ឋានបានបន្តថា ករណីនេះ កើតឡើងដោយសារបុរសរងគ្រោះបានផឹកស្រាស្រវឹងនៅនឹងតូបអ្នកលក់ស្រានៅចុងភូមិ ពេលត្រឡប់មកផ្ទះវិញក៏រអិលដួលលង់ទឹកជំនន់នៅជិតមុខផ្ទះចម្ងាយប្រមាណ១៥ម៉ែត្រស្លាប់តែម្តង។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពរួច  ក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ស សារ៉េត


ចែករំលែក៖