ព័ត៌មានទាន់ហេតុការណ៍៖

មីស៊ីលថ្មីដែលកូរ៉េខាងជើងបានប​ង្ហាញនៅក្នុងពិធីព្យុហយាត្រាអាចផ្ទុកក្បាលគ្រាប់ទម្ងន់​ដល់ទៅ​៣តោន

ចែករំលែក៖

កាលពីថ្ងៃទី១០ ខែតុលាកន្លងមក​ កូរ៉េខាងជើង បានបង្ហាញមីស៊ីលឆ្លងទ្វីបថ្មី​ ដែលមិនធ្លាប់បានបង្ហាញនាពេលកន្លងមក។ ក្រោយរយៈពេលជាង​១០ថ្ងៃកន្លងមក ក្រុមអ្នកឯកទេសសព្វាវុធអាមេរិក​បានវាយតម្លៃថា មីស៊ីលឆ្លងទ្វីប(ICBM) អាចបំពាក់ក្បាលគ្រាប់មានទម្ងន់ពី ២,៥-៣តោន។
មីស៊ីលខាងលើ ត្រូវបានកូរ៉េខាងជើងបង្ហាញជាលើកដំបូង ក្នុងឱកាសខួប​លើកទី​៧៥ឆ្នាំថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង​។ ជាមួយគ្នានោះកូរ៉េខាងជើងក៏បានបង្ហាញមីស៊ីលឆ្លងទ្វីបសម្រាប់បាញ់ចេញពីនាវាមុជទឹក (SLBM) និងប្រព័ន្ធមីស៊ីលទំនើបៗជាច្រើនផ្សេងទៀត​។
សារព័ត៌មាន​ NK News ​បានផ្សាយថា នេះជាប្រភេទមីស៊ីលឆ្លងទ្វីប មានជើងទម្រចល័តធំបំផុត ។ មីស៊ីលឆ្លងទ្វីបនោះមានឈ្មោះថាHwasong-16 ដែលបានអភិវឌ្ឍចេញពីមីស៊ីល​Hwasong-15 ដែលជាមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូធំបំផុតរបស់កូរ៉េខាងជើង ។ មីស៊ីលនោះអាចវាយប្រហារចំគោលដៅពីរផ្សេងគ្នាក្នុងពេលតែមួយ។
តាមការលើកឡើងរបស់ក្រុមអ្នកឯកទេសវិភាគ បើទោះបីកូរ៉េខាងជើង បានបង្ហាញអាវុធទំនើបៗ ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាក្តី ប៉ុន្តែមេដឹកនាំគីម ជុងអ៊ុន បានស្រក់ទឹកភ្នែក ហើយសុំទោសពលរដ្ឋ​នៅក្នុងសុន្ទរកថាដ៏សំខាន់របស់លោក​។
កន្លងមកលោកក៏ធ្លាប់បានលើកឡើងថា ពលរដ្ឋកូរ៉េខាងជើងបានរងទុក្ខរយៈពេល ៧០ឆ្នាំមកហើយចាប់តាំងពីសង្គ្រាមឆ្នាំ​១៩៥០ ដល់ពេលដែលត្រូវទទួលបានសន្តិភាព និងការអភិវឌ្ឍ។ បច្ចុប្បន្នលោកគីម បានផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ច​ ក្រោយប្រទេសនេះមានអាវុធគ្រប់គ្រាន់សម្រាប់ទប់ទល់សត្រូវ៕

ដោយ៖ធី រីណា


ចែករំលែក៖