ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រតិកម្មយ៉ាងខ្លាំងក្រោយអាមេរិកអនុម័តលក់អាវុធឲ្យកោះតៃវ៉ាន់ មានតម្លៃជាង​១,៨ពាន់លានដុល្លារ​

ចែករំលែក៖

នៅល្ងាចថ្ងៃទី​២២ ខែតុលា ចិនបានប្រតិកម្មយ៉ាងខ្លាំង​ដល់អាមេរិក ដែលបានព្រមព្រៀងលក់អាវុធទៅឲ្យកោះតៃ​វ៉ាន់ដែលមានតម្លៃដល់ទៅ​១,៨ពាន់លានដុល្លារអាមេរិក​។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា សកម្មភាពខាងលើរបស់អាមេរិក គឺជាការជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន​​ ដែលត្រូវតែបញ្ចប់ជាបន្ទាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន​លោក​Zhao Lijian បានលើកឡើងថា​« ការលក់ដូរអាវុធ បែបនេះគឺជាការបំពានយ៉ាងធ្ងន់ទៅលើដែនអធិបតេយ្យភាពនិងផលប្រយោជន៍របស់ចិន ។ ជាមួយគ្នានោះ​នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ទំនាក់ទំនងរវាងចិន និឹងអាមេរិក​ ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅកោះតៃវ៉ាន់ »។
អ្នកនាំពាក្យក្រសួងការបរទេសចិន​បានបញ្ជាក់ថា «ចិននឹង​ប្រតិកម្ម​ តបតអាមេរិកវិញ អាស្រ័យទៅលើស្ថានភាព»។ លោក​Zhao Lijian មិនបានបញ្ជាក់ថា​នឹងតបតដោយវិធីសាស្ត្រណានោះឡើយ ប៉ុន្តែចិនធ្លាប់ដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិក ដែលលក់អាវុធទៅឲ្យកោះតៃវ៉ាន់​»។
ប្រតិកម្មរបស់ចិន ក្រោយពេលអាមេរិកយល់ព្រមលក់អាវុធឲ្យកោះតៃវ៉ាន់មានតម្លៃ​១,៨ពាន់លានដុល្លារ ក្នុងនោះមាន កាំជ្រួចមីស៊ីល ​១៣៥ដើម ប្រភេទ AGM-84H SLAM-ER និងប្រព័ន្ធការពារដែនអាកាសជាច្រើនផ្សេងទៀត ។ អាវុធទាំងនោះគឺដើម្បីទប់ទល់ជាមួយចិនពេលមានសង្គ្រាមផ្ទុះឡើង៕ដោយ៖ធី រីណា


ចែករំលែក៖