ខេត្តកណ្តាល៖ បុរសម្នាក់មិនដឹងជាមានគំនុំរឿងអ្វី ឬមានបញ្ហាអ្វីនោះទេ ស្រាប់តែចូលទៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស ស្ថិតនៅក្នុងភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រួចស្រែកគំរាមថា «អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់!!»។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ៈ៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀន ។
នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ឡុង មកឈប់នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឫស រួចឈ្មោះ ឡុង បានជិះម៉ូតូចេញទៅបាត់ទៅ។ ចំណែក ជនសង្ស័យបានដើរសំដៅចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស រួចស្រែកជេរឡូឡាថា «អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់» ។
ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫសបានចេញមកសួរនាំ ហើយជនសង្ស័យបានស្រែកសួរថា «អាធារ៉ា មេប៉ុស្តិ៍វាទៅណា អញសម្លាប់វាចោល» រួចជនសង្ស័យក៏ស្ទុះទៅវាយកញ្ចក់ប៉ុស្តិ៍បែកអស់ចំនួន២ផ្ទាំង និងស្រែកថានឹងសម្លាប់ប៉ូលិសឱ្យងាប់ទាំងអស់ ។
ភ្លាមនោះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឫសបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងតែម្តងដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ចេស្តា