ព័ត៌មានទាន់ហេតុការណ៍៖

លោកស៊ី ជិន​ភី​ង ព្រមាន​អាមេរិក​ថា៖ ចិន​មិន​ញញើត​ធ្វើសង្គ្រាម​ឡើយ ហើយ​កងទ័ព​ចិន​ត្រៀមលក្ខណៈ​ប្រយុទ្ធ​ជានិច្ច​

ចែករំលែក៖

អន្តរជាតិ៖ថ្លែងក្នុងសុន្ទរកថាដើម្បីប្រារព្ធខួបទី៧០ឆ្នាំដែលកងទ័ពចិនចូលរួមក្នុងសង្គ្រាមកូរ៉េប្រឆាំងកងទ័ពអាមេរិក ប្រធានាធិបតីចិនលោកស៊ី ជិនភី បានព្រមានអាមេរិកថា៖ ចិនមិនញញើតធ្វើសង្គ្រាមឡើយ ហើយកងទ័ពចិនត្រៀមលក្ខណៈប្រយុទ្ធជានិច្ច ហើយនេះក៏ជាសង្គ្រាមតែមួយគត់ដែលកងទ័ពចិននិងអាមេរិកប្រយុទ្ធគ្នាដោយផ្ទាល់ផងដែរ

លោក ស៊ី ជិនភីង បានថ្លែងពីវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ២៣ ខែតុលាម្សិលមិញនេះ ដោយលើកឡើងថា ជោគជ័យសង្គ្រាមកូរ៉េឆ្នាំ១៩៥០៥៣ ជាការក្រើនរំកមួយថា ប្រជាជាតិចិនមិនញញើតធ្វើសង្គ្រាមជាមួយប្រទេសណាដែលហ៊ានបង្កបញ្ហានៅមាត់ទ្វារផ្ទះរបស់ខ្លួនឡើយ

លោកប្រធានាធិបតីចិនរូបនេះ ដោយចង់សំដៅលើសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់ថា៖«​កាលពី៧០ឆ្នាំមុន ពួកឈ្លានពានចក្រពត្តិនិយមបានបើកការវាយប្រហារនៅមាត់ទ្វារផ្ទះរបស់ប្រទេសចិនថ្មី​»​ លោកស៉ី បន្តថាប្រជាជនចិន នឹងមិនបង្កបញ្ហា តែក៏មិនខ្លាចពួកវាឡើយ

លោកស៊ី ជិនភី សង្កត់ធ្ងន់ថា«​យើងនឹងមិននៅស្ងៀម ហើយឱបដៃឈរមើលគេបំផ្លាញអធិបតេយ្យភាពជាតិយើងឡើយ យើងក៏នឹងមិនអនុញ្ញាតឲ្យកម្លាំងណាមួយឈ្លានពាន បំបែកបំបាក់ទឹកដីដ៏វិសេសនៃមាតុប្រទេសយើងផងដែរ​»​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP

ជាក់ស្តែងនៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីលោក ស៊ី ជិនភីង អះអាងថាចិនត្រូវការន្លឿការធ្វើទំនើបកម្មយោធារបស់ខ្លួនដើម្បីកសាងយោធាលំដាប់ថ្នាក់ពិភពលោកមួយ ហើយធានាថា បក្សកុម្មុយនីស្តចិន រក្សាភាពជាអ្នកដឹកនាំផ្ដាច់មុខលើវិស័យយោធា

សូមជម្រាបផងថា មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃទី ២១ ខែតុលាកន្លងទៅ ក៏បានប្រកាសថា ខ្លួនបានយល់ព្រមលក់មីស៊ីក្នុងទំហំទឹកប្រាក់ពាន់លានដុល្លារទៅឲ្យកោះ តៃវ៉ាន់ ភ្លាមៗចិន ក៏គំរាមចាត់វិធានការវាយបកអាមេរិកវិញ ហើយចាត់ទុករឿងនេះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដ្បិតប៉េកាំងតែងចាត់ទុកតៃវ៉ាន់ជាទឹកដីខ្លួន

គួរបញ្ជាក់ថា សង្គ្រាមកូរ៉េ គឺជាការប្រយុទ្ធគ្នាដោយផ្ទាល់ទ្រង់ទ្រាយធំទីមួយនិងតែម្ដងគត់រវាងកងទ័ពចិននិងសហរដ្ឋអាមេរិក យោងតាមរដ្ឋាភិបាលចិន ទាហានចិនជាង ១៩៧ ០០០នាក់ បានស្លាប់អំឡុងសង្គ្រាមឆ្នាំ ដែលបានផ្អាកក្រោយមានបទឈប់បាញ់កាលពីឆ្នាំ១៩៥៣ហើយជាលទ្ធផលកូរ៉េត្រូវបានពុះចែកជាពីរ ត្រង់ខ្សែបន្ទាត់ទី៣៨៕ដោយ៖ស តារា


ចែករំលែក៖