ខេត្តកណ្តាល៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ នគរបាលស្រុកពញាឮ ខេត្តកណ្តាល បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និងមានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។ នេះបើតាមការបញ្ជាក់របស់នគរបាលមុននេះបន្តិច។
ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធបទល្មើស «គំរាមកំហែង , បរិហារកេរ្តិ៍ជាសាធារណៈ , ជេរប្រមាថជាសាធារណៈ , ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ «ស្អែកស្លាប់ ស្អែកស្លាប់» កាលពីថ្ងៃទី៥ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា២៣១ , មាត្រា៣០៥ , មាត្រា៣០៧ , មាត្រា៤៩៤ , មាត្រា៤៩៥ និង មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ ។
សមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នេះ គឺបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក ផែង វណ្ណៈ ។ ប៉ុន្តែ ក្រោយមក លោក ផែង វណ្ណៈ បានដកពាក្យបណ្តឹង វិញ បន្ទាប់ពីឈ្មោះ ប៉ូ ចាន់នី បានសុំទោស និង ទទួលស្គាល់កំហុស ។
ទោះបីយ៉ាងណា បណ្តឹងអាជ្ញាមិនបានរលត់តាមរយៈការដកពាក្យបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីឡើយ ។
នេះចាត់ទុកជាសារមួយដល់អ្នកសារព័ត៌មាន មិនត្រូវប្រើសិទ្ធិហួសពីព្រំដែន រហូតដល់ការជេរប្រមាថបុគ្គល និងជេរប្រមាថមន្ត្រីអាជ្ញាធរសាធារណៈ ឡើយ ៕ ដោយ៖ចេស្តា