ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពកូវីដ​-១៩ នៅក្នុងប្រទេសអូស្ត្រាលី​ កូរ៉េខាងត្បូង ចិន និងវៀតណាម

ចែករំលែក៖

នៅរដ្ឋVictoriaប្រទេសអូស្ត្រាលី​ជាលើកទីមួយ មិនមានករណីឆ្លងថ្មី ក្នុងរយៈពេល​២៤ម៉ោង កន្លងមក​ ចំណែកកូរ៉េខាងត្បូងបារម្ភ​ពីការឆ្លងរាលដាលកូវីដ​-១៩ ជាថ្មី ។
នៅថ្ងៃទី​២៦ខែតុលា រដ្ឋវិចទ័ររៀ មិនមានការណីឆ្លងកូវីដ​-១៩ថ្មីឡើយ​ គឺជាដំណឹងល្អបំផុត​ក្រោយរយៈពេល​​៤ខែ​ប្រឈ​មការឆ្លងរាលដាលទ្រង់ទ្រាយធំ​។ ទាំងនោះគឺជាលទ្ធផលនៃការខិតខំទប់ស្កាត់របស់រដ្ឋាភិបាល​​ ហើយទីក្រុងមែលបឺន នឹងត្រូវលុបច្បាប់បម្រាមនានា​។
បច្ចុប្បន្នអូស្ត្រាលីមានករណីឆ្លងកូវីដ​-១៩ ជាង​២៧ ៥០០នាក់ ហើយរដ្ឋវិចទ័ររៀមានករណីឆ្លងដល់ទៅ​៩០ភាគរយ និងស្លាប់៩០៥នាក់​នៅទូទាំងប្រទេស​។
ចំណែកប្រទេសកូរ៉េខាងត្បូងវិញ​​បានរកឃើញមានករណីឆ្លងកូវីដ​-១៩ ថ្មីដល់ទៅជាង១០០នាក់ក្នុងរយៈពេល​២៤ម៉ោង ។ ក្រសួងគ្រប់គ្រង​ និងបង្ការគ្រោះអាសន្ន (KCDA) បានប្រកាសឲ្យដឹងថា បានរកឃើញមានករណីឆ្លងថ្មីដល់ទៅ​១១៩នាក់​ក្នុងនោះមាន​៩៤នាក់ឆ្លងក្នុងសហគមន៍​។ ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងសរុបទូទាំងប្រទេសជាង​២៥៩០០នាក់​ និងស្លាប់​៤៥៧នាក់។
ចំពោះប្រទេសចិន ដែលជាប្រទេសមានករណីឆ្លងដំបូងបង្អស់លើពិភពលោក ក៏បានរកឃើញមានករណីឆ្លងថ្មី​២០នាក់​ក្នុងថ្ងៃទី ២៥ខែតុលា ហើយអ្នកឆ្លងទាំង​២០ នាក់គឺមកពីខាងក្រៅទាំងអស់ មិនមានអ្នកឆ្លងក្នុងសហគមន៍នោះឡើយ។
ដោយឡែកក្រសរួងសុខាភិបាលវៀតណាម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៨នាក់បន្ថែម ដែលនាំឲ្យករណីសរុបនៅទូទាំងប្រទេសកើនដល់១,១៦៨ករណី។ ករណីឆ្លងថ្មីទាំង៨ករណីខាងលើ គឺសុទ្ធតែជាប្រភេទករណីនាំចូលពីប្រទេសខាងក្រៅ។ ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន៦នាក់ផងដែរ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១,០៥៧នាក់។ ចំណែកឯករណីស្លាប់វិញ មានចំនួន ៥៤នាក់ ក្នុងចំណោមករណីឆ្លងទាំងអស់ខាងលើ៕ដោយ៖ធី រីណា


ចែករំលែក៖