ព័ត៌មានទាន់ហេតុការណ៍៖

អង្គកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តសុវណ្ណរាសីរតនារាម ហៅវត្តសំរោងកណ្ដាល ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ នៅរាជធានីភ្នំពេញ និង បណ្ដាខេត្ត១ចំនួន និងពុទ្ធបរិស័ទចំណុះជើងវត្តនៅភូមិសំរោងកណ្ដាល សង្កាត់សំរោងផង ព្រឹកថ្ងៃអាទិត្យ៩កើតខែកត្តិក ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានមូលមតិគ្នាជាឯកឆន្ទដង្ហែអង្គកឋិនទានសាមគ្គីចូលមកកាន់វត្ត សុវណ្ណរាសី រតនារាម ហៅវត្តសំរោងកណ្ដាល ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ  ដើម្បីវេរ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងដើម្បីប្រមូល បច្ច័យកសាង សមិទ្ធផលនានានៅក្នុងទីអារាមនេះឲ្យបានកាន់តែប្រសើរថែមទៀត។

ព្រះធម្មវិសុទ្ធវង្ស អ៊ូ សុខអេង ព្រះចៅអធិការវត្ត សំរោងកណ្ដាល មានសង្ឃដីការថា តាមទំនៀមទំលាប់ប្រពៃណីនៃ ព្រះពុទ្ធសាសនា នៅចុងវស្សាន្ដរដូវ រយៈពេល២៩ថ្ងៃគឺចាប់ពីថ្ងៃ ១រោជ ខែភទ្របុទ្ររហូតដល់ថ្ងៃពេញបូរមីខែកត្តិក ប្រជាពុទ្ធបរិស័ទតែងប្រារព្ធធ្វើបុណ្យកឋិនទានវេរ ប្រគេនព្រះសង្ឃដែលបានបញ្ចប់ចំណាំព្រះវស្សាជារៀងរាល់ឆ្នាំហើយការធ្វើនេះ បើតាមពុទ្ធបញ្ញត្តិក្នុង១ឆ្នាំ វត្តនិមួយៗ ទទួល បានអង្គឋិនតែម្ដងប៉ុណ្ណោះ។ បុណ្យនេះមានក្លឹមសារសំខាន់ សំរាប់ពុទ្ធសាសនិកជនជាអ្នកគោរពស្រឡាញ់ ទ្រទ្រង់ព្រះពុទ្ធសាសនា ដោយបាននាំមកនូវត្រៃចីវរជាប្រធាន អមដោយបរិក្ខាជាច្រើនទៀត ដែលជាប្រដាប់  ប្រើប្រាស់ក្នុងជីវភាពរបស់ព្រះសង្ឃ។

ក្រៅពីអត្ថន័យខាងលើពិធីបុណ្យនេះ ក៏ជាការបង្ហាញនូវទឹកចិត្តជ្រះថ្លា ក្នុងការបំពេញកុសល ប្រកបដោយជំនឿលើមាគ៌ាព្រះពុទ្ធសាសនា ហើយក៏ជាកាឆ្លុះបញ្ចាំងពី ការរួបរួមសាមគ្គីគ្នា រវាងអាជ្ញាធរ មន្ដ្រីរាជការ ប្រជាពលរដ្ឋដែលមានព្រះសង្ឃផង ក្នុងការជួយទ្រទ្រង់និងលើកដំកើងដល់វិស័យ ព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើងរុងរឿង។

ព្រះចៅអធិការវត្តសំរោងកណ្តាលបន្តថា ក្រៅពីបច្ច័យប្រគេនដល់ព្រះសង្ឃសម្រាប់ប្រើប្រាស់ជាបច្ច័យ៤ ដោយកំលាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយ អង្គកឋិនទាននេះប្រមូលបច្ច័យ សរុបបានចំនួន ៥ម៉ឺនដុល្លាអាមេរិក និង១៦៧លាន៩សែនរៀល ដែលបច្ច័យទាំងនេះ១ចំណែកតូចសម្រាប់ប្រើប្រាស់ក្នុងការចំណាយផ្សេងៗ និងសល់ពីនេះសម្រាប់ ប្រើប្រាស់ក្នុងការកសាង សាលាបុណ្យ ជីកស្រះ ធ្វើរបងវត្ត និងចាក់ដីបំពេញទីធ្លាវត្តផងដែរ ដែលការងារកសាងនេះ ចាំបាច់ត្រូវតែធ្វើមិនអាចខ្វះបាន។

សូមបញ្ជាក់ថា កឋិនទានសមគ្គីនេះផ្តួចផ្តើមដោយលោកឧកញ៉ា ដួង តឹនិងលោកជំទាវអ្នកឧកញ៉ា សាត់ ណាវី, លោក ជំទាវ ស៊ីវ ប៊ួយ ឧកញ៉ាកុក អាន, លោក ជួនណារិន និងលោកស្រី ឧបាសក ឱក ភ័ណ និងឧបាសិកា អ៊ុំ ធឿន ផងដែរក្រៅពីការដង្ហែអង្គកឋិនទានប្រមូលបច្ច័យកសាងសមិទ្ធិផលក្នុងវត្ត លោក ឧកញ៉ាឌួងតិក និង ក្រុមគ្រួសារបានធ្វើទានដល់លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ កុមារាកុមារី ដែលបានចូលរួម នូវបច្ច័យ ព្រមទាំងឧបត្ថម្ភ ប្រេងខ្យល់ និង ប្រេងកូឡាផងដែរ៕

ដោយ៖ព្រែកសំរោង


ចែករំលែក៖