ភ្នំពេញ៖ មុខសញ្ញាចាស់ម្នាក់ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកមកហើយ ពេលនេះបានធ្វើសកម្មភាពកាច់កម៉ូតូដោយមានប្រើកាំភ្លើងខ្លីផងនោះ ពេលនេះត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវបង្ក្រាបបានជាក់ស្ដែង ម្នាក់ទៀតដែលកន្លងមកជនសង្ស័យនេះបានរត់គេចពីសំណាញ់ច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំ
ផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយលោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋានគរបាលស្រុកមុខកំពូល ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ទូច ប៊ុនហាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
នគរបាលបានឲ្យដឹងទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យបានសម្រេចដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១៤១៦ ឈដចន ចុះថ្ងៃទី២៦.១០.២០២០ របស់ចៅក្រមស៊ើបសួរ ឯក ប៉ូលីហ្វីល អមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះទូច ប៊ុនហាន ហៅហុង ភេទប្រុស ពីបទលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូប្រដាប់អាវុធ)។ នៅវេលាម៉ោង១១និង៣០នាទីពេលដែលកម្លាំងចម្រុះចុះមកដល់ចំណុចផ្ទះរបស់ឈ្មោះយន ប៊ុនថុង ភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជនសង្ស័យកំពុងនៅទីនោះ ពេលនោះកម្លាំងចម្រុះបានឈប់នៅមុខផ្ទះនោះ។ ឃើញបែបនេះជនសង្ស័យក៏បានបើករថយន្តម៉ាកLexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-5705 ដើម្បីរត់គេចខ្លួន ហើយបើករថយន្តបំបុករថយន្តរបស់លោកអធិការស្រុកមុខកំពូល ម៉ាកកាមរី បាឡែន ពេលនោះសមត្ថកិច្ចយើងក៏បានបាញ់បំបែកកង់រថយន្តរបស់ជនសង្ស័យខាងក្រោយហើយក៏ផ្លាតគ្រាប់ត្រូវជនសង្ស័យ។ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅខេត្តព្រៃវែង ឈ្មោះ ពេជ្រ ធា ហៅ ពែ ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅភូមិយស ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលជាបក្សពួករបស់ជនសង្ស័យឈ្មោះ ទូច ប៊ុនហាន កំពុងរត់គេចខ្លួន តែត្រូវបាននគរបាលឃាត់ខ្លួននៅថ្ងៃទី២៦ ខែតុលានេះ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥និង៥០នាទីមានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់ប្រដាប់អាវុធ)មួយកើតទ្បើងនៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនល្មើស ២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លីមួយដើម ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បានធ្វើសកម្មភាពភ្ជង់បាញ់ទៅលើជនរងគ្រោះឈ្មោះ សៅ ធូ ភេទប្រុស អាយុ ៤៨ឆ្នាំ ខណៈពេលជនរងគ្រោះកំពុងអង្គុយរង់ចាំប្រពន្ធចេញពីធ្វើការ បណ្តាលឲ្យត្រូវចំភ្លៅខាងឆ្វេងធ្លាយមកលើថ្ងាសប្លោកនោម តែប្លន់មិនបានសម្រេច ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ៕
ដោយ៖ រ៉ារ៉ា