ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានផ្សាយថា ក្រុមចារកិច្ចរបស់ប្រទេសនេះបានទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិនដែលធ្វើតេស្តទទួលបានជោគជ័យដើម្បីយកទៅស្រាវជ្រាវ។
តាមសារព័ត៌មានChannel 12 និង Jerusalem Post បានផ្សាយថា កាលពីសប្តាហ៍កន្លងមក ក្រុមចារកិច្ចជាតិអុីស្រាអែលមានឈ្មោះថា(Mossad) បានទិញវ៉ាក់សាំងកូវីដ-១៩ របស់ចិន និងវ៉ាក់សាំងពីប្រទេសផ្សេងៗទៀតក្នុងគោលដៅបំពេញតាមការស្រាវជ្រាវរបស់ខ្លួន។
មន្ត្រីចារកិច្ចអុីស្រាអែលបាននិយាយទៅកាន់សារព័ត៌មាន Jerusalem Post ថា «រដ្ឋាភិបាលបានខិតខំតាមរយៈកិច្ចការបរទេសដោយស្ងាត់ៗ។ យើងខ្ញុំខិតខំដើម្បីធានាដល់ពលរដ្ឋអុីស្រាអែលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យបានឆាប់បំផុត»។
នៅពេលនេះ ប្រទេសជាច្រើន ក៏ដូចជាក្រុមហ៊ុនជាច្រើនបាន ប្រកួតប្រជែងគ្នា ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើនរងការវាយប្រហារតាមបណ្តាញ ឬត្រូវក្រុមហែកឃឺវាយលុក លួចឯកសារជាដើម។
កាលពីថ្ងៃទី២៥ខែតុលា មជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រអុីស្រាអែល បានប្រកាសថា បានចាប់ផ្តើមសាកល្បងវ៉ាក់សាំង Brilife លើមនុស្សជាលើកដំបូងនៅសប្តាហ៍ក្រោយនេះ វ៉ាក់សាំងនោះត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យសាកល្បងលើមនុស្ស ៕
ដោយ៖ធី រីណា