ភ្នំពេញ៖ បុរសម្នាក់បានមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាដើម្បីធ្វើអត្តឃាតខ្លួនឯងតែសំណាងល្អត្រូវបានអ្នកនេសាទត្រីជួយសង្គ្រោះទាន់ពេលវេលា ក៏ចៀសផុតពីកំណែនមច្ចុរាជ មានជីវិតឡើងវិញ។
មុនដំបូងបុរសដែលលោតទឹកសម្លាប់ខ្លួនមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ ប៉ុន្តែបានបន្សល់នៅកន្លែងកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ 2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-0052 ជាមួយនិងអាវសំណង់ការដ្ឋានដែលដាក់ថា (ការិ-អគ្គិភ័យបំភ្លឺសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍ ) នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។ មានឈ្មោះ នុត ចាន់ឌឿន អាយុ ៣៣ឆ្នាំ រស់នៅផ្ទះលេខ៣១ អីសូន្យហ្សិត ផ្លូវលេខ២៤៧ ភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីខ្លះបាននិយាយថា មុនពេលកើតហេតុបុរសខាងលើបានបើកម៉ូតូ មកឈប់លើស្ពានជ្រោយចង្វា ដោយមិនដឹងថាគាត់មានបញ្ហាអី្វ រួចក៏ធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួន ទុកតែម៉ូតូនៅលើស្ពានតែប៉ុណ្ណោះ ប៉ុន្តែក្រោយពេលលោតដោយបុរសនោះមិនទាន់លិចទៅក្នុងទឹក ក៏ត្រូវបានអ្នកនេសាទត្រីយកទូកមកស្រង់ និងជួយសង្គ្រោះបុរសរូបនោះឡើងមកលើគោកវិញ ផុតពីគ្រោះថ្នាក់ ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានយកជនរងគ្រោះទៅប៉ុស្តិ៍ជ្រោយចង្វា ដើម្បីធ្វើការណែនាំ រួចស្វែងរកសាច់ញាតិដើម្បីយកបុរសខាងលើដែលលោតទឹកសម្លាប់ខ្លួនទៅគេហដ្ឋានវិញ៕
ដោយ៖រ៉ារ៉ា