ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយសារស្ថានភាពទឹកជំនន់ក្នុងខណ្ឌដង្កោ បានបន្តស្រកចុះនោះ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រុមការងាររដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ អមដំណើរដោយលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ, លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោកអភិបាលរង មន្ត្រីរដ្ឋបាលសាលាខណ្ឌដង្កោ ចៅសង្កាត់ មេភូមិ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ យុវជន ស.ស.យ.ក. សង្កាត់ព្រែកកំពឹស និងប្រជាពលរដ្ឋជាច្រើនទៀត បានចុះពិនិត្យស្ថានភាពទឹកក្នុងសង្កាត់ព្រែកកំពឹស និងពិនិត្យមើលស្ថានភាពកាយផ្លូវរំដោះទឹក ដែលក្រុមការងាររដ្ឋបាលខណ្ឌដង្កោបានប្រើគ្រឿងចក្រកាយបើកមុខទឹករំដោះទឹកចំនួន៤ទីតាំង (រួមមានចំណុចព្រែកជ្រៃ, ប្រឡាយតាហោ, ប្រឡាយ៨៨ខាងត្បូងបុរីពិភពថ្មីកួរស្រូវ និងប្រឡាយផ្លូវ១០៤ មុខបុរីពិភពថ្មីកួរស្រូវ) ដើម្បីពន្លឿនការចុះស្រកនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ។
ក្នុងដំណើរបេសកកម្មនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកអាហារសម្រន់ទៅចែកជូនក្រុមការងារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដូចតាមទម្លាប់ បរិភោគរួមគ្នាយ៉ាងស្និទ្ធស្នាល តែក៏មិនបានធ្វេសប្រហែស ចំពោះការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នោះឡើយ ដោយក្រុមការងាររបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកទូបាញ់ថ្នាំសម្លាប់មេរោគ អាល់កុល ម៉ាស់ ទៅបែងចែកប្រើប្រាស់ ចំពោះអ្នកចូលរួមទាំងអស់ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការអំពាវនាវរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីវិធានការការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន៕ ចន្ទ លីហ្សា