ភ្នំពេញ៖ ខ្មាន់កំភ្លើងបេីករថយន្តស៊េរីទំនើបមួយគ្រឿងបានដកកាំភ្លើងខ្លីបាញ់រះចំនួន៥គ្រាប់មកលើឡំប្រឺតាមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បណ្តាលឲ្យត្រូវ១គ្រាប់ចំឡំប្រឺតានោះ តែសំណាងល្អម្ចាស់ឡំប្រឺតាអត់អី ឯខ្មាន់កាំភ្លើងបានបើករថយន្តគេចខ្លួនបាត់។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៦ខែតុលាឆ្នាំ ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតាពណ៌លឿងមួយគ្រឿង និងឃើញរថយន្តស៊េរីទំនើបពណ៌សមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរចុះពីស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត ដោយមិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ ពេលមកដល់ចំណុចកើតហេតុខាងលើឡំប្រឺតានៅខាងមុខ ឯរថយន្តនៅខាងក្រោយបញ្ឆិតគ្នា ខណៈនោះស្រាប់តែខ្មាន់កាំភ្លើងដែលជិះរថយន្តស៊េរីទំនើបបានបើកកញ្ចក់ដកកាំភ្លើងខ្លីបាញ់រះទៅលើអ្នកបើកបរឡំប្រឺតាចំនួន៥គ្រាប់ បណ្ដាលឲ្យ១គ្រាប់ ត្រូវឡំប្រឺតាធ្លុះ។ភ្លាមៗនោះខ្មាន់កាំភ្លើងបានឈប់រថយន្តមួយភ្លែតហើយក៏បិទកញ្ចក់រថយន្តវិញបើកចេញទៅបាត់ទៅ។បើតាមការរៀបរាប់ពីជនរងគ្រោះជាម្ចាស់ឡំប្រឺតាមិនបានប្រាប់ពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាករ៉ុលរ៉យមួយគ្រឿងពណ៌ស ពាក់ស្លាកលេខកម្ពុជា។ ក្រោយហេតុការណ៍ភ្លាមៗខ្មាន់កាំភ្លើងបានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។ ចំណែកភាគីខាងឡំប្រឺតាក៏មិនបានធ្វើការរៀបរាប់វែងឆ្ងាយនោះដែរគឺបានបើកបន្តដំណើរទៅមុខបាត់ទៅ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ។
ក្រោយកើតហេតុគេឃើញវត្តមានលោក សុខ ហេង អធិការខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះមកពិនិត្យនិងធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនបង្កដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ប្រជាពលរដ្ឋរង់ចាំទន្ទឹងមើល លោក សុខ ហេង អធិការខណ្ឌទួលគោក តាមចាប់ខ្លួនជនដែលបាញ់បោះសេរីនោះតើបានដែរឬក៏យ៉ាងណា?៕
ដោយ៖សុខាសែនជ័យ