ខេត្តព្រះសីហនុ ៖ បើតាមការបញ្ជាក់ឲ្យដឹង ពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០ គឺកម្លាំងជំនាញការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចសណ្ឋាគារឆាងឆឹង ស្ថិតក្នុងក្រុម១៨ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបន្តថា ៖ ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២០។
ការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំដោយផ្ទាល់ពីឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ហើយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ក៏បានដឹកនាំកម្លាំងសហការជាមួយនឹងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីដោយលោក លឹម គឹមហេង ព្រះរាជអាជ្ញារងនីឯកការអមសាលាដំបូងខេត្តព្រះសីហនុ។
កម្លាំងជំនាញបានបញ្ជាក់ថា ៖ ជាលទ្ធផលគាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួនពីរនាក់ ទី១ -HUANG XIAO HUI ភេទប្រុស អាយុ៣០ ឆ្នាំ និងទី២- ឈ្មោះ HU JUN រៀបប្រុស អាយុ២៩ ឆ្នាំ។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ (ICE)និងមេតំហ្វេតាមីន(WY) មានទម្ងន់សរុប៩២២,២ក្រាម។
បច្ចុប្បន្នជនសង្ស័យ ជាជនជាតិចិនទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នឹងបន្តស្រាវជ្រាវរកជនដែលពាក់ព័ន្ធក្នុងបទល្មើសគ្រឿងញៀននេះតាមជំនាញបន្តទៀត៕
ដោយ៖ សិលា