ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ហែម សុវណ្ណបុប្ផា (ក្រុមហ៊ុនសុវណ្ណគិរី) ដែលបានជួយឧបត្ថម្ភ អំបិលម៉ដ្ឋចំនួន ៦០០បាវ (ស្មើនឹង ១.៥០០គីឡូក្រាម) មីខ្លាឃ្មុំចំនួន ១៥០កេស និងត្រីខចំនួន ៤០កេស ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។
កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។
អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។
សូមបញ្ជាក់ថា ក្នុងរយៈពេល ២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី ២៦ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយទឹកជំនន់ បានសរុបចំនួន ១៩.០៥៤គ្រួសារ រស់នៅភូមិចំនួន៤៦៣ ឃុំចំនួន១៦២ ស្រុកចំនួន៥៦ ក្នុងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការកណ្តាលចំនួន ៩.៩០០គ្រួសារ និងដោយសាខាចំនួន ៩.១៥៤គ្រួសារ)៕
ដោយ៖ សិលា