អន្តរជាតិ៖ បើទោះបីជារដ្ឋាភិបាលក្រុងប៉េកាំង បានប្រតិកម្មនិងសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនលក់អាវុធ និងបច្ចេកវិទ្យារបស់អាមេរិក ដែលបានលក់អាវុធឲ្យកោះតៃវ៉ាន់យ៉ាងណាក៏ដោយ ។
ជាការឆ្លើយតបដូចរាល់ដង ចិន ប្រាកដជាក្ដៅស្លឹកត្រចៀកខ្លាំងជុំវិញនឹងបញ្ហានេះ ។ ខណៈដែលក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ បានប្រកាសថា ខ្លួនបានអនុម័តគម្រោងលក់ប្រព័ន្ធការពារឆ្នេរមួយឈុតទៀតឲ្យតៃវ៉ាន់ដែលមានតម្លៃដល់ទៅ២,៤ពាន់លានដុល្លារ។ហើយនេះជាការលក់អាវុធចុងក្រោយបំផុតពីសំណាក់អាមេរិកឲ្យដែនកោះតៃវ៉ាន់ដែលប្រឈមការគំរាមកំហែងរបស់ចិនបន្ទាប់ពីទើបបានយល់ព្រមលក់សព្វាវុធបីមុខកាលពីសប្ដាហ៍មុន។
បើតាមក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ សំណើរបស់តៃវ៉ាន់ក្នុងការទិញប្រព័ន្ធការពារឆ្នេរ 100 Harpoon (100 Harpoon Coastal Defense Systems) ត្រូវបានយល់ព្រមហើយ។ តម្លៃសម្រាប់កិច្ចព្រមព្រៀងលើកនេះ គឺ២,៤ពាន់លានដុល្លាររួមមាន៖ មីស៊ីលប្រភេទ RGM-84L-4 Harpoon Block II Surface Launched Missiles ចំនួន៤០០គ្រាប់ ដែលអាចបាញ់គោលដៅនៅចម្ងាយ១២៥គីឡូម៉ែត្រ។ ក្រុមហ៊ុន Boeing ជាអ្នកផលិតមីស៊ីលនេះ។
គម្រោងនេះ ត្រូវឆ្លងការអនុញ្ញាតពីសភាអាមេរិកសិនទើបអាចចេញជាផ្លូវការ។ ប៉ុន្តែគេមិនរំពឹងថា សភាអាមេរិកនឹងបដិសេធឡើយ ព្រោះទាំងបក្សសាធារណរដ្ឋ ទាំងបក្សប្រជាធិបតេយ្យសុទ្ធតែគាំទ្រតៃវ៉ាន់ក្នុងការប្រឈមមុខនឹងចិន។
ជាក់ស្តែងកាលពីថ្ងៃទី២១ ខែតុលាថ្មីៗនេះ ក្រសួងការបរទេសអាមេរិកក៏បានផ្ដល់ភ្លើងបៃតងលើគម្រោងលក់មីស៊ីលប្រដេញAGM-84H SLAM-ER ចំនួន១៣៥គ្រាប់តម្លៃ១ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃសំណើសុំទិញសព្វាវុធច្រើនមុខរបស់តៃវ៉ាន់នោះ។ហើយនេះជាការយល់ព្រមលើកទីពីរក្នុងពេលមួយសប្ដាហ៍របស់ក្រសួងការបរទេសអាមេរិកលើសំណើរបស់តៃវ៉ាន់។
សូមជម្រាបថា ការបើកផ្លូវជាបន្តបន្ទាប់បែបនេះពីសំណាក់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើឲ្យចិនមួរម៉ៅកាន់តែខ្លាំង។ ព្រោះនៅថ្ងៃទី២៦ ខែតុលានេះដែរ ក្រសួងការបរទេសចិន ទើបបានប្រកាសទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួនបីដែលក់អាវុធឲ្យតៃវ៉ាន់ រួមមាន៖ ក្រុមហ៊ុនLockheed Martin, ក្រុមហ៊ុន Boeing Defense និង ក្រុមហ៊ុនRaytheon។ ចំពោះការដាក់ទណ្ឌកម្មនេះ គឺផ្អែកលើកំណត់ត្រាដ៏ច្រើនលើសលុប ដែលក្រុមហ៊ុនបានលក់អាវុធឲ្យតៃវ៉ាន់។ តែមិនបានបញ្ជាក់លម្អិតពីចំណាត់ការនោះឡើយ។ ការលក់លើកនេះ ប្រាកដជាត្រូវថ្មោងរបស់ចិនទៀតមិនខាន។
គួរបញ្ជាក់ដែរថា កោះតៃវ៉ាន់ក្រោមការដឹកនាំរបស់ប្រធានាធិបតី Tsai Ing-wen បានចំណាយលុយច្រើនដើម្បីពង្រឹងសមត្ថភាពការពារខ្លួនស្របពេលដែលចិនធ្វើសកម្មភាពកំញើញកាន់តែខ្លាំង។ បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ យន្តហោះចម្បាំងចិនហោះឆ្វែលតៃវ៉ាន់សឹងមិនលស់ថ្ងៃ។ មិនតែប៉ុណ្ណោះចិន ក៏តែងតែនិយាយជាចំហដែរថា ខ្លួនមិនអនុញ្ញាតឲ្យតៃវ៉ាន់ផ្ដាច់ខ្លួនឡើយ ហើយការប្រើប្រាស់កម្លាំង នឹងជាមធ្យោបាយចៀសមិនផុតទៀតផង៕ដោយ៖ស តារា