ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសថា បុរសជនជាតិខ្មែរ២នាក់ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ក្រសួងសុខាភិបាល ប្រកាសថា បុរសជនជាតិខ្មែរ២នាក់ ម្នាក់រស់នៅស្រុកល្វាឯម ខេត្តកណ្តាល និង ម្នាក់ទៀត រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩ ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ បានអោយដឹងថា បច្ចុប្បន្នអ្នកជំងឺទាំង២នាក់ ត្រូវបានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ។

ទន្ទឹមនេះ អ្នកធ្វើដំណើរតាមយន្តហោះជាមួយអ្នកជំងឺទាំង២នាក់ សរុបមានចំនួន៣៩នាក់ ដែលក្នុងចំនួននេះ មានអ្នកជំងឺទាំង២នាក់ ផងដែរ ។ រីឯ អ្នកដំណើរទាំង៣៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់អោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យពោធិ៍ចិនតុងចំនួន១១នាក់ , សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន៥នាក់ និង សណ្ឋាគារផ្សេងទៀតក្នុងរាជធានីភ្នំពេញ ចំនួន២៣នាក់ ។

បើតាមក្រសួងសុខាភិបាល បច្ចុប្បន្ននេះ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សរុបមានចំនួន៧នាក់ ៕

ដោយ៖ចេស្តា


ចែករំលែក៖