ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកឡំប្រឺតាបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តម៉ាស្តាបុកក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់បានបើកឡំប្រឺតាបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តម៉ាស្ដាបុកក្រឡាប់ផ្ងារជើងម្ខាង​បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ បេតុងក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតា ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HR-9385ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបើកភ្លើងសុីញ៉ូបត់ឆ្វេងដៃឆ្លងទៅផ្លូវបេតុង ពេលនោះក៏មានរថយន្តស៊េរីទំនើបម៉ាកម៉ាស្តាពណ៌ខ្មៅមូយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AP-0809បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតមកបុកបញ្ឆិតផ្នែកខាងមុខបណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាងម្ចាស់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ក្រោយហេតុការណ៍បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចមូលដ្ឋាននាំគ្នាជួយលើកកង់បីក្រឡាប់ផ្ងារឡើងវិញ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូកង់បីនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ការទទួលបានខណ្ឌមានជ័យដើម្បីរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖