អន្តរជាតិ៖ ប៉ូលីសហ្វីលីពីនម្នាក់ បានដាច់សរសៃឈាមស្លាប់ភ្លាម ខណៈដែលគាត់ឆ្មក់ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់ គាប់ជួនបានមុតនឹងខ្នាយដែកស្រួច ដែលគេចងភ្ជាប់នឹងខ្នាយមាន់ជល់ មុតត្រូវចំជើងរបស់គាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០នៅភាគខាងជើងខេត្តសាម៉ា ប្រទេសហ្វីលីពីន ពេលដែលអនុសេនីយ៍ឯកChristian Bolok បានរើសយកមាន់ជល់០១ក្បាល ប្រមូលទុកជាភស្តុតាង ហើយនេះគឺជាគ្រោះថ្នាក់ចៃដន្យ ។
បើតាមស្នងការនគរបាលខេត្តសាម៉ា លោកវរសេនីយ៍ឯក Arnel Apud បានបញ្ជាក់ថា ការមុតនឹងខ្នាយស្រួចនេះ គឺចាក់ចំសរសៃឈាមនៅភ្លៅខាងឆ្វេងរបស់អនុសេនីយ៍ឯក Christian Bolok តែម្តង ហើយគាត់បានដាច់ខ្យល់ស្លាប់ភ្លាមៗ គួរឲ្យអាណោចអធ័មខ្លាំងណាស់ ។
លោកវរសេនីយ៍ឯក Arnel Apud បានលើកឡើងទៀតថា វាគឺជាឧបទ្ទវហេតុ ហើយក៏ជាអកុសល និងជាសំណាងអាក្រក់ ដែលខ្ញុំមិនអាចពន្យល់បានទេ ។ ខ្ញុំមិនអាចជឿវាបានទេ នៅពេលដំណឹងនេះ ត្រូវបានគេរាយការណ៍មកខ្ញុំ ។ នេះជាលើកទីមួយហើយក្នុងរយៈពេល២៥ឆ្នាំរបស់ខ្ញុំក្នុងនាមជាមន្ត្រីប៉ូលីស ខ្ញុំមិនដែលមានជួបរឿងដូចអ៊ីចឹងទេ ខ្ញុំសោកស្ដាយដែលបាត់បង់មន្ត្រីម្នាក់ដោយសារតែមាន់ជល់ ។
មេប៉ូលីសរូបនេះ បានគូសបញ្ជាក់ថ្លែងនៅក្នុងសន្និសីទកាសែត យ៉ាងដូច្នេះថា៖ «ខ្ញុំអារម្មណ៍ថា ដូចបានបាត់បង់បងប្រុសម្នាក់ ដែលបានលះបង់ជីវិតផ្ទាល់ខ្លួន ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ។ លោកសោកសៅ ចំពោះមរណភាពរបស់លោកអនុសេនីយ៍ឯក Christian Bolok និងបង្ហាញការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព» ។
បើតាមរបាយការណ៍របស់ប៉ូលីសខេត្តសាម៉ា បានឲ្យដឹងថា ការឆ្មក់ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់មួយកន្លែង ដែលដឹកនាំលោកអនុសេនីយ៍ឯក Christian Bolok កម្លាំងប៉ូលិសបានឃាត់ខ្លួនមនុស្ស ៣នាក់ រឹបអូសយកបានមាន់ជល់ ២ក្បាល ព្រមជាមួយនឹងខ្នាយតលោហៈចំនួន០២ឈុត ទ្រុងមាន់ចំនួន០៧ និងប្រាក់ហ្វីលីពីន ចំនួន៥៥០ PHP (ស្មើនឹងលុយខ្មែរ ៤៥,៧០០រៀល) ជាប្រាក់ភ្នាល់ ។ ប៉ូលីសក៏បានកំណត់អត្តសញ្ញាណ ជនសង្ស័យ០៣នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន ។
សូមជម្រាបថា ល្បែងបញ្ជល់មាន់ ឬប្រជាជនហ្វីលីពីនហៅថា Tupada គឺជាកីឡាបក្សី ដ៏ពេញនិយមមួយ នៅក្នុងប្រទេសនេះ ដែលមានចាក់ប្រាក់ភ្នាល់គ្នាទៅលើលទ្ធផល នៃការប្រយុទ្ធគ្នា រវាងបក្សី ២ក្បាល ប្រដាប់ដោយខ្នាយមាន់ និងខ្នាយលោហៈដែលគេដាក់បន្ថែមលើខ្នាយមាន់ ។ កីឡាដ៏សាហាវនេះ ត្រូវបានអាជ្ញាធរប្រទេសហ្វីលីពីនហាមឃាត់ ក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លងថែមទៀតនោះ គឺត្រូវហាមដាច់ខាតដើម្បីការពារហ្វូងមនុស្សពីការប្រមូលផ្តុំគ្នា ។
ជាក់ស្តែង អាជ្ញាធរខេត្តសាម៉ាភាគខាងជើង នៅក្នុងខែសីហាកន្លងទៅ បានចេញសេចក្តីព្រមានរួចហើយចំពោះការលេងបញ្ជល់មាន់ខុសច្បាប់នេះបន្ទាប់ពីមនុស្ស ៤នាក់ នៅក្នុងការប្រមូលផ្តុំគ្នា បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ-១៩ ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន មុនពេលមានវិបត្ដិ កូវីដ-១៩ រាតត្បាត កីឡាបក្សីនេះ ត្រូវបានអនុញ្ញាតិ តែនៅក្នុងកន្លែងដែលមានច្បាប់តែប៉ុណ្ណោះក្នុងអំឡុងពេលថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកស្របច្បាប់ និងក្នុងអំឡុងពេលពិធីបុណ្យក្នុងស្រុក មិនលើសពី ០៣ថ្ងៃឡើយ ៕ដោយ៖ស តារា