ភ្នំពេញ៖ រូបភាពសប្បាយចិត្តដែលនៅមុខកញ្ចក់កាំមេរ៉ា និងបណ្តាញសង្គមមិនបានឆ្លុះបញ្ចាំងពីអារម្មណ៍ពិតនៅខាងក្នុងរបស់តារាសម្តែង និងចម្រៀង ឆៃ លីដាឡែននោះទេ។ តារាស្រីរូបនេះបានអួលដើមករស្រក់ទឹកភ្នែកក្រោយពីនិយាយអំពីការខកខានជួបមុខកូនប្រុសបណ្តូលចិត្តអស់ជិត១ឆ្នាំមកហើយនោះពោលគឺមានត្រឹមតែរូបថតចាស់ៗមើលហើយសែននឹកកូន។
កូនប្រុសរបស់នាងពេលនេះមានវ័យជិត៣ឆ្នាំហើយ ហើយការខកខាននេះត្រូវបាននាងបង្ហើបតិចៗថាដោយសារគ្រួសារខាងអតីតស្វាមីបានពង្រាងការជួបនេះ។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់លម្អិតអំពីរឿងនេះទេព្រោះតែនាងទប់អារម្មណ៍មិនបាន។ នាងថាក្រោយបែបបាក់ជាមួយអតីតស្វាមី កូនប្រុសនាងត្រូវបានប្រគល់ឲ្យភាគីអតីតស្វាមីជាអ្នកចិញ្ចឹម នាងថាពិតជាចង់ជួបមុខកូនខ្លាំងព្រោះតែក្តីនឹករលឹក។ ទោះជាយាយ៉ាងណានាងមិនបានដាក់បន្ទុកកំហុសទាំងស្រុងនៃការខកខានជួបមុខកូនស្រីទៅលើអតីតស្វាមីនោះទេ ហើយនាងស្នើមិនបញ្ជាក់ច្រើនជុំវិញបញ្ហាខាងលើ។ នាងថាទោះបែកគ្នា ប៉ុន្តែនាងនិងអតីតស្វាមីនៅតែរាប់អានគ្នាធម្មតាដដែល ហើយនាងសុំទោសដែលមិនអាចបញ្ជាក់ពីអារម្មណ៍ផ្ទាល់អំពីរឿងនេះ។
ក្រោយបែកស្វាមីជាជិតមួយឆ្នាំនាងបញ្ជាក់ថាមិនទាន់មានបុរសណាក្នុងចិត្តនៅឡើយខណៈនាងលើកឡើងថា ចង់បន្តជីវិតនៅទំនេរ និងគិតគូពីរឿងរកប្រាក់ជាមុនសិន បើទោះបីជាមានបុរសមួយចំនួនសុំស្នេហ៍ក្តី។ នាងថាការងារគឺជាឆ្នាំងបាយសំខាន់ជាងរឿងស្នេហា ហើយក៏បារម្ភនឹងស្នេហាមួយឆាវនោះដែរ។ នាងថាទាំងការងារសិល្បៈ និងមុខជំនួញតាមអនឡាញគឺនាងខិតខំប្រឹងប្រែងខ្លាំងរហូតសំឡេងរបស់នាងក្លាយជាស្អក។ តារាស្រីវ័យ៤១ឆ្នាំរូបនេះបញ្ជាក់ថា ការងារសិល្បៈប្រែប្រួលច្រើនដូចនេះនាងត្រូវបត់បែនច្រើន ការច្រៀងក៏មិនសម្បូរដូចមុនឡើយព្រោះជំងឺកូវីដ១៩។
នាងរំពឹងដែរថាសម្រាប់ចុងឆ្នាំ២០២០ នេះការងារសិល្បៈរបស់នាងនឹងល្អប្រសើរឡើងវិញខណៈការងារលក់ដូរតាមអនឡាញក៏រីកចម្រើនសន្សឹមៗនោះ៕ដោយ៖វឌ្ឍនា