ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស RX300 បើកសុខៗឆ្លងចរន្តភ្លើងឆេះខ្ទេចសល់តែគ្រោងឆ្អឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ សុំមិនបង្ហាញអំពីស្លាកលេខ ត្រូវបានឆ្លងចរន្តភ្លើងឆាបឆេះក្លាយជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅគ្រាដែលម្ចាស់កំពុងបើកបរលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ។

តាមការបញ្ជាក់ពីម្ចាស់រថយន្តត្រូវបានឆ្លងចរន្តភ្លើងឆេះទាំងសស្រុង សុំមិនបញ្ចេញឈ្មោះបានឲ្យតាមទូរស័ព្ទ នាព្រឹកថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៣ទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ម្ចាស់រថយន្តដដែលបន្តទៀតថា មុនកើតហេតុគាត់បានជូនមិត្តភក្តិទៅផ្ទះនៅឯខេត្តពោធិ៍សាត់រួចក៏ត្រឡប់មកផ្ទះវិញ លុះមកដល់ម្ដុំកើតហេតុមានផ្សេងចូលក្នុងរថយន្ត ប៉ុន្តែពុំបានចាប់អារមណ៍ស្មានមេឃចុះអាប់ ភ្លាមៗនោះក៏ធុំក្លិនឆ្ងៀម និងមានផ្សែងហុយពេញពីក្នុងតាប់ឡូរថយន្ត ទើបដឹងរថយន្តរបស់ឆ្លងចរន្តភ្លើង ប៉ុន្តែនៅតែរកការជួយអន្តរាគមន៍មិនបាន ។

លោក បញ្ជាក់បន្ដែមទៀតថា បានត្រឹមចេញពីក្នុងរថយន្តមកខាងក្រៅ រួចឆ្លេឆ្លាៗ និងថតរូបភាពអណ្ដាតភ្លើងដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែប៉ុណ្ណោះ លោក សង្ឃឹមថាគ្រោះចង្រៃនឹងវិនាសកម្មចេញឲ្យអស់ពីខ្លួនប្រាណ និងក្រុមគ្រួសារសាច់ញាតិរបស់គាត់នាពេលនេះ ហើយហេងហេងនឹងកើតមានឡើងវិញគ្រប់បែបយ៉ាង ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖