ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពស្រុកសេសាន សហការជាមួយខណ្ឌជលផលខេត្តចុះបង្ក្រាបបទល្មើសឧបករណ៍នេសាទខុសច្បាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បទល្មើសនេសាទនៅតែលួចលាក់បន្តធ្វើសកម្មភាពយ៉ាងគឃ្លើន ទោះបីជាមានការបង្ក្រាបដូចភ្លៀងរលឹមក៏ដោយ ក៏បទល្មើសទាំងនោះលួចលាក់ធ្វើជាហូរហែគ្រប់រូបភាព ប្រៀបបីដូចជាវែកចកអ៊ីចឹង។ ជាក់ស្ដែងកាលពីថ្ងៃទី ២៧ខែតុលា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពស្រុកសេសាន និងកម្លាំងប្រជាការពារភូមិ សហការជាមួយកម្លាំងមន្ត្រីជលផលខេត្ត ចុះបង្ក្រាបបទល្មើសធនធានជលផល និងរឹបអូសឧបករណ៍នេសាទខុសច្បាប់បានជាច្រើននៅចំណុចភូមិសាស្រ្តឃុំក្របីជ្រំ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមរបាយការណ៍របស់ក្រុមការងារស្រុកបានបញ្ជាក់ថា ក្នុងការចុះបង្ក្រាបនិងដកហូតនូវឧបករណ៍ខុសច្បាប់មួយចំនួនដូចជា: ដាយចំនួន៤មាត់នៅទីតាំងខុសគ្នា គឺ៣មាត់រឹបអូសនៅចំណុចអូរអង្កត់ករ ១មាត់ទៀតនៅចំណុចអូររឹង ដែលមានប្រវែងសរុប៧០ម៉ែត្រ និងដកហូតស្បៃមុងសរុបប្រវែង២៦០ម៉ែត្រ ស្ថិតនៅចំណុចទីតាំងភូមិសាស្រ្តខាងលើ។
របាយការណ៍បានបញ្ជាក់ថា ក្រោយធ្វើការបង្រ្កាបនិងដកហូតហើយនោះ កម្លាំងប្រតិបត្តិការក៏បានធ្វើការប្រគល់ទៅឱ្យមន្ត្រីជំនាញជលផលខេត្តរក្សាទុកនិងចាត់ការតាមនីតិវិធីច្បាប់ ហើយក្រុមការងារស្រុកនឹងធ្វើការចុះស្រាវជ្រាវបង្រ្កាបនូវឧបករណ៍នេសាទខុសច្បាប់ បន្តទៀតឋិតក្នុងភូមិសាស្ត្រខាងលើដើម្បីរកជនប្រព្រឹត្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់យកមកផ្តន្ទាទោសតាមច្បាប់ជលផល។

គួររំលឹកថា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅតែកើតមានជាបន្តបន្ទាប់ ទោះបីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានសហការគ្នាបង្ក្រាបដូចភ្លៀងរលឹមយ៉ាងណាក៏ដោយ ក៏បទល្មើសនេសាទនៅតែកើតមាន ដោយមិនញញើតនឹងការបង្ក្រាបរបស់សមត្ថកិច្ច មន្ត្រីជំនាញនិងអាជ្ញាធរឡើយ ព្រោះនៅមានមន្ត្រីខិលខូចមួយចំនួននៅតែបន្ត ប្រព្រឹត្តនូវអំពើពុករលួយ ដោយមានការលួចឃុបឃិតគ្នាដាក់ខែថ្ងៃ និងបង់ក្បាលទូកជាដើម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីការខាតបង់នូវធនធានមច្ឆជាតិ ទើបធ្វើឲ្យបទល្មើសទាំងនោះនៅតែបន្តគ្មានអន់ថយ ព្រោះតែអ្នកស្គាល់ឲ្យប្រព្រឹត្ត អ្នកមិនស្គាល់ទើបបង្ក្រាប ដើម្បីឱ្យស្គាល់ ហើយអាចបន្តនូវមុខរបរនេះបាន មិនថាឡើយនៅរដូវបិទនេសាទ ឬក៏រដូវបើកនេសាទនោះទេ។ គេតែងតែឃើញការប្រើប្រាស់នូវឧបករណ៍នេសាទ លួចលាក់ធ្វើសកម្មភាពជាហូរហែ ជាពិសេសនៅពេលយប់៕ដោយ៖ មាស សុផាត


ចែករំលែក៖