ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះសីហនុ ប្រកាស​ឲ្យ​រុះរើ​សំណង់​៨​ទីតាំងនៅ​ក្នុងក្រុង ដែល​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាម​ការជូនដំណឹងរ​បស់​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៦ ខែតុលា​ថ្មីៗនេះ​ បានបញ្ជាក់ថា ម្ចាស់​សំណង់​ចំនួន​៨ ដែល​សាងសង់​លំនៅដ្ឋាន ឬ​ប្រកប​អាជីវកម្ម នៅលើ​ចំណីផ្លូវ​សាធារណៈ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ស្ថិតក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវ​អាជ្ញាធរខេត្ត​ឲ្យ​រុះរើ​សំណង់​របស់ខ្លួន ដែល​បង្ក​ផលប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ​។

​ជាក់ស្តែងនៅក្នុងសេចក្តីជូនដំណឹងរ​បស់​រដ្ឋបាលខេត្ត​ បានបញ្ជាក់ថា មា្ច​ស់​សំណង់​ដី​ចំនួន​៨ ដែលមាន​ក្បាលដីដូចជា៖ ​លេខ ០៦២១, ០៦២៨, ១៦០៩, ១៦២១, ១៦៧៩, ១៧១១, ១៧១២ និង​៤១៥៩ ត្រូវបាន​អាជ្ញាធរ​ប្រកាស​ឲ្យ​រុះរើ​សំណង់​របស់ខ្លួន ដើម្បី​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​។

សូមជម្រាបថា ទីតាំងសំណង់​ដី​ទាំង​៨នេះ បាន​សាងសង់ឡើង​នៅលើ​ចំណីផ្លូវ​លេខ​៦០២ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុបានធ្វើ​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ និង​បង្អាក់ដំណើរ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​។

​គួរបញ្ជាក់ថា ពលរដ្ឋ​ជា​ម្ចាស់​សំណង់​នៅលើ​ចំណីផ្លូវ​ទាំងអស់ មាន​រយៈពេល​ត្រឹមតែ ៥​ថ្ងៃ​ប៉ុណ្ណោះ​ក្នុងការ​រុះរើ​សំណង់​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ តទៅ​។

ដូច្នេះរដ្ឋបាលខេត្ត​ព្រះសីហនុ បានគូសបញ្ជាក់ថា ចំពោះ​ពលរដ្ឋ មិន​រុះរើ​សំណង់​របស់ខ្លួន អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ​រាល់​ការខូចខាត​សម្ភារៈ ឬ​ការបាត់បង់​ទ្រព្យសម្បត្តិ​ណាមួយ​៕

ដោយ៖ស តារា


ចែករំលែក៖