ភ្នំពេញ៖ តើអ្នកដឹងទេថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកគួរតែប្រើជីវិតប្តីប្រពន្ធរបៀបណា ដើម្បីស្វែងរកមនុស្សម្នាក់មកផ្ដល់ក្ដីសុខសុភមង្គលកាន់ដៃគ្នាឆ្លងកាត់បញ្ហា ការលំបាក និងឧបសគ្គទៅជាមួយគ្នា។ ហើយការរៀបការ មនុស្សយើងម្នាក់ៗ មិនមែនត្រឹមតែចង់មានមនុស្សម្នាក់កាន់ដៃ ឬមករស់នៅក្រោមដំបូលផ្ទះតែមួយនោះទេ។ ចំណែករូបសម្រស់ មុខមាត់ទ្រព្យធន យសសក្តិ គឺជាគ្រឿងលម្អខាងក្រៅតែប៉ុណ្ណោះ តែសំខាន់គឺ ទឹកចិត្តស្មោះស្ម័គ្រ ដាក់ចិត្តស្រឡាញ់ មើលថែ ការពារ គោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក។
ប៉ុន្តែវាក៏មិនសំខាន់ដែរថា មនុស្សយើងបានរៀបការជាមួយនឹងអ្នកមាន ឬក្រតែសំខាន់ គឺជាមនុស្សដែលល្អ មានគំនិតចេះធ្វើការរកស៊ីមានចំណេះចេះដឹងខុសត្រូវពិតប្រាកដ និងមានចិត្តអំណត់ អត់ធ្មត់ អត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។
តោះចង់ដឹងអត់ថា តើប្ដីប្រពន្ធ គួរមានទំនួលខុសត្រូវ និងគោរពតួនាទី រួមផ្សំនឹងការផ្ដល់ឱ្យគ្នាបែបណាខ្លះ ទើបអាចថែរក្សា និងការពារជីវិតអាពាហ៍ពិពាហ៍បានយូរអង្វែង? ច្បាស់ណាស់ថា មិនអាចប្រពន្ធខំតែម្នាក់ ឬស្វាមីប្រឹងប្រែងតែម្ខាងបានទេ អ្វីៗគ្រប់យ៉ាង ត្រូវកើតឡើងដោយអ្នកទាំងពីរចេះគិតគូរ ខ្វាយខ្វល់ និងផ្ដល់ឱ្យគ្នាទៅវិញទៅមក។
១. អាពាហ៍ពិពាហ៍ត្រូវកើតឡើង ដោយសេចក្ដីស្រឡាញ់ពិតប្រាកដការចាប់ផ្ដើមរវាងប្ដីប្រពន្ធ គឺអ្នកត្រូវតែច្បាស់លាស់ចំពោះសេចក្ដីស្រឡាញ់ចំពោះគ្នា ចាប់ផ្ដើមដោយសេចក្ដីស្រឡាញ់ មិនមែនរៀបការនឹងគ្នាព្រោះតែសម្លឹងឃើញទ្រព្យធន យសសក្តិ មុខមាត់គ្រួសារ ឬដោយសារតែផលប្រយោជន៍ណាមួយនោះឡើយ។ បើជីវិតអាពាហ៍ពិពាហ៍របស់អ្នកចាប់ផ្ដើម ដោយសេចក្ដីស្រឡាញ់ មិនថាមានជួបបញ្ហាការលំបាកយ៉ាងណាទេ ប្ដីប្រពន្ធក៏នឹងមិនបោះបង់គ្នាចោលដែរ គឺប្ដេជ្ញាតស៊ូពុះពារជាមួយគ្នាពេញមួយជីវិត។
២. បំពេញតួនាទីឱ្យបានល្អ និងមានទំនួលខុសត្រូវឱ្យបានខ្ពស់ក្នុងនាមជាប្ដីប្រពន្ធ អ្នកទាំងពីរសុទ្ធតែមានតួនាទី និងកាតព្វកិច្ចរៀងៗខ្លួន ដូច្នេះ អ្នកទាំងពីរត្រូវដឹងពីភារៈរបស់ខ្លួន និងបំពេញឱ្យបានត្រឹមត្រូវហើយក៏ត្រូវតែមានទំនួលខុសត្រូវឱ្យបានខ្ពស់ចំពោះជីវិតគូរបស់អ្នកទាំងពីរផងដែរ។
លើសពីនេះក៏ត្រូវតែមានការចេះជួយជ្រោមជ្រែង ចែករំលែក លះបង់ និងផ្ដល់ឱ្យគ្នាទៅវិញទៅមក។ កុំមើលបំណាំ កុំចាំតែចាប់កំហុសគ្នា ប្ដីប្រពន្ធគឺត្រូវចេះកែលំអរគ្នា ចេះកែតម្រូវគ្នាទើបជាប្ដីប្រពន្ធពិតប្រាកដ។ មិនថាប្ដី ឬប្រពន្ធទេ គឺសុទ្ធតែមានការងារធ្វើហត់នឿយរៀងៗខ្លួនដូច្នេះហើយ កុំចេះតែស្ដីបន្ទោស ឬរករឿងគ្នាបន្ថែមទៀតអី។ ត្រូវចាំថា ការចេះអត់ឱន លើកលែងនិងចែករំលែកគ្នា ទើបជីវិតអាពាហ៍ពិពាហ៍របស់អ្នកអាចគង់វង្ស ឋិតថេរយូរអង្វែង៕ដោយ៖សហការី