អន្តរជាតិ៖ បើយោងតាមក្រសួងសុខាភិបាលប្រជុំកោះម៉ាហ្សាល(Marshall Islands) ដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ចន្លោះហាវ៉ៃ និងហ្វីលីពីន បានអះអាងកាលពីថ្ងៃទី២៨ ខែតុលាម្សិលមិញនេះថា ពេលនេះក្នុងដែនដីរបស់ខ្លួនបានរកឃើញអ្នកឆ្លងកូវីដ–១៩ ចំនួនពីរករណីដំបូង ។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា អ្នកជំងឺទាំងពីររូបនេះមានស្ត្រីអាយុ៣៥ឆ្នាំ និងបុរសអាយុ៤៦ឆ្នាំ ជាអ្នកបម្រើការនៅទីតាំងយោធាអាមេរិកនៅកោះ Kwajalein Atoll ដែលទើបធ្វើដំណើរតាមយន្តហោះយោធាពីកោះហាវ៉ៃ សហរដ្ឋអាមេរិក។
ដោយឡែកបើយោងតាមទិន្នន័យដែលបង្ហាញដោយ Worldometers ក៏បានបញ្ជាក់ថា ប្រជុំកោះម៉ាហ្សាល ត្រូវបានចាត់ទុកជា ប្រទេស/តំបន់ទី២១៦លើពិភពលោកដែលមានករណី COVID-19។
គួរបញ្ជាក់ដែរថា សម្រាប់ប្រជាជាតិ និងទឹកដីតូចៗផ្សេងទៀត ក៏បានប្រកាសថា មិនទាន់មានករណីឆ្លង COVID-19 មានដូចជា៖ គិរីបាទី, ម៉ាយក្រូណេស៊ី, ណូរុ, ប៉ាឡាវ, សាម័រ, តុងហ្គា, ទូវាលូ និង វានូអាទូ ខណៈកោះសូឡូម៉ុងបានរកឃើញករណីដំបូង កាលពីដើមខែកន្លងមក៕ដោយ៖ស តារា