ខេត្តមណ្ឌលគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងលួចដឹកឈើខុសច្បាប់ប្រភេទឈើលេខ១ពេញព្រៀបត្រូវបានកម្លាំងចម្រុះលេខាធិការដ្ឋាននៃគណ: បញ្ជាការឯកភាពស្រុកកែវសីមាចុះឆ្មក់បង្ក្រាបបានភ្លាមៗ។
ការចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់នេះកម្លាំងចម្រុះបានធ្វើឡើងនៅវេលាទៀបភ្លឺម៉ោង៤ៈ៣០នាទីថ្ងៃទី២៩ខែតុលាឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចខ្លោងទ្វារចូលទីបញ្ជាការផ្នែកសឹករងស្រុកកែវសីមា ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ការបង្ក្រាបរថយន្តមួយនោះដឹកនាំដោយលោក ហឿន សុខណា ប្រធាន លេខាធិការដ្ឋាន សហការជាមួយកម្លាំង ជំនាញ បានឆ្មក់ឃាត់ចាប់នូវរថយន្តសាំយ៉ុងនោះដែលមានដឹកឈើចំនួន១២ដុំជាប្រភេទឈើស្រឡៅ។
ក្រោយពីបង្ក្រាបបានវត្ថុតាងទាំងរថយន្តនិងឈើខាងលើនោះត្រូវបានកម្លាំងប្រគល់ឱ្យខាងផ្នែករដ្ឋបាលព្រៃឈើកែវសីមារក្សាទុក ដើម្បីកសាងសំណុំរឿង និងបន្តស្រាវជ្រាវស្វែងរកម្ចាស់មកចាត់វិធានការតាមនីតិវិធី។
បើតាមការសង្កេតក្នុងពេលបច្ចុប្បន្នគេឃើញមានរថយន្តដឹកឈើបន្តកន្ទុយគ្នាជារៀងរាល់យប់ចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបន្តឆ្លងកាត់ទីរួមខេតក្រចេះចូលទៅប្រទេសវៀតណាមតាមច្រកក្នុងស្រុកកែវសីមា ហើយយូរៗបង្ក្រាបម្តងដើម្បីយកស្នាដៃ៕ដោយ៖ ជីវ័ន្ត