ភ្នំពេញ៖ តាមពិតទៅធម្មជាតិរបស់មនុស្សយើងម្នាក់ៗ នៅក្នុងចិត្តមានបង្កប់នូវភាព ច្រណែនឈ្នានីស ចង់ឈ្នះចង់ចាញ់ គុំគួន ហើយប្រសិនបើ មិនចេះគ្រប់គ្រង ផ្លូវចិត្ត និងអារម្មណ៍ របស់មិនល្អទាំងនោះទេ វាក៏នឹងបកមក គ្រប់គ្រងលើខ្លួនយើងវិញ។ ទាំងនេះហើយដែលគេហៅថា បិសាចចិត្តហើយនៅពេលដែលវា មកគ្រប់គ្រងលើផ្លូវចិត្ត របស់យើងបានហើយ យើងក៏នឹងលែងស្គាល់ អ្វីល្អអ្វីអាក្រក់ តទៅទៀតដែរ។ ប៉ុន្តែផ្ទុយពីសត្វសុនខ(ឆ្កែ) គឺជាសត្វចិញ្ចឹមរបស់អ្នក ប្រសិនបើអ្នកផ្តល់ចំណី ហើយធ្វើល្អ ចំពោះវា វាក៏នឹងដឹងគុណ និងស្មោះត្រង់ចំពោះ អ្នកអស់មួយជីវិត ដូចគ្នាដែរ។
តោះអ្នកណាចង់ដឹងខ្លះថា តើសុនខជា សត្វចិញ្ចឹមដែលស្មោះត្រង់ នឹងម្ចាស់បំផុត វាអាចជួយការពារអ្នក វាយប្រហារនឹងសត្រូវ មិនតែប៉ុណ្ណោះ វាក៏ជាមិត្តដែលល្អបំផុតដែលនៅក្បែរខ្លួន អ្នកពេលអ្នកឯកា ឬដុនដាបបំផុតដែរ។
ការរងចាំរបស់សុនខ
ជាក់ស្តែង ប្រៀបដូចជាសត្វឆ្កែមួយក្បាលស្ថិត ក្នុងប្រទេសថៃ ដែលនៅរងចាំម្ចាស់ នៅក្នុងផ្ទះ បាក់បែកមួយកន្លែង ខណៈពេលដែលម្ចាស់ របស់សុនខមួយក្បាលនេះ ត្រូវបានស្លាប់ បាត់បង់ជីវិតអស់ទៅហើយ ដោយសារតែ ហេតុការណ៍ផ្ទុះហ្គាសនោះ។
សត្វឆ្កែពេលដែលបានជួបម្ចាស់វិញ
ក៏ប៉ុន្តែ សត្វសុនខមួយក្បាលនោះ នៅតែមិនព្រម ទៅណាទាំងអស់ នៅតែតស៊ូនៅរងចាំម្ចាស់ បើទោះបីជាខ្លួនវា ក៏កំពុងតែរងរបួស យ៉ាងធ្ងន់ធ្ងរទៅហើយ យ៉ាងណាក៏ដោយ។ ហើយនេះក៏មិនមែន ជារឿងទី១ដែរ កន្លងមកក៏ធ្លាប់មាន សុនខមួយក្បាលដែលជា ឆ្កែទាហាន នៅក្នុងប្រទេសសហរដ្ឋអាមេរិក សត្វសុនខមួយក្បាលនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយការបាញ់បោះ ស្ទើរតែនឹងបាត់បង់ជីវិត ព្រោះតែវាលះបង់ រត់ទៅរងគ្រាប់កាំភ្លើង ជំនួសម្ចាស់របស់វា ក្នុងពេលដែល បំពេញកាតព្វកិច្ច។ តែជាសំណាងល្អ សុនខនោះត្រូវបាន សង្គ្រោះទាន់ពេលវេលា។
សុនខHachiko
សុនខមួយទៀតនេះ មានឈ្មោះថាHachiko មានម្ចាស់ឈ្មោះថាUeno គឺជាមិត្តភក្តិដ៏ល្អនឹងគ្នា។ រឿងនេះ បានកើតឡើង កាលពីជាង១០០ឆ្នាំមុន នៅក្នុងប្រទេសជប៉ុន នៃទីក្នុងតូក្យូ ក៏ប៉ុន្តែរឿងរបស់ សុនខមួយក្បាលនេះ នៅតែស្ថិត ក្នុងការចងចាំ នៃប្រជាជនជប៉ុន រហូតដល់បច្ចុប្បន្ន។សុនខHachiko កើតនៅឆ្នាំ១៩២៣ ក្នុងចំការមួយកន្លែង ហើយក្រោយមក ក៏ត្រូវបានរើសយកមកចិញ្ចឹម ដោយសាស្ត្រាចារ្យមួយរូប មានឈ្មោះថាUeno។ ជារៀងរាល់ថ្ងៃHachiko និងលោកUeno តែងតែដើរ ជាមួយគ្នាទៅ ចំណតរថភ្លើង ជាកន្លែងដែល លោកUeno លាសត្វឆ្កែរបស់គាត់ ដើម្បីទៅធ្វើការ។ ទម្លាប់បែបនេះ ក៏បានបន្តជាច្រើនឆ្នាំ រហូតដល់ថ្ងៃមួយ នៅពេលដែលលោកUeno មានជំងឺនិង ទទួលអនិច្ចកម្មទៅ។
Hachiko និងម្ចាស់ឈ្មោះថាលោកUeno
ក៏ប៉ុន្តែ មិត្តល្អរបស់គាត់Hachiko នៅតែបន្តរងចាំម្ចាស់ វិលត្រឡប់មកវិញដូចមុន ជារៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ នៅពេលដែលរថភ្លើងឈប់ ក៏ជាពេលដែលHachiko ស្វែងរកមើល ម្ចាស់ដូចគ្នាដែរ។ ក៏ប៉ុន្តែលោកUeno មិនដែលបង្ហាញខ្លួន ជាថ្មីនោះទេ ហើយសុនខមួយក្បាលនេះ ក៏នៅតែបន្តរងចាំបែបនេះ រហូតដល់ទៅ៩ឆ្នាំ រហូតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៣៥ ជាថ្ងៃដែលHachiko បានស្លាប់។ បន្ទាប់ពីស្លាប់ រូបសំណាក់របស់Hachiko ក៏ត្រូវបានយកទៅតម្តល់ទុក នៅក្នុងសារមន្ទីជាតិ នៃប្រទេសជប៉ុន ក្នុងទីក្រុងតូក្យូព្រោះតែភាពស្មោះត្រង់ និងក្តីស្រលាញ់ ដ៏លើសលប់របស់ សុនខមួយក្បាលនេះ ចំពោះម្ចាស់។
សត្វឆ្កែដែលនៅរងចាំម្ចាស់ដែលស្លាប់បាត់
សរុបមក ភាពស្មោះត្រង់ ពិតប្រាកដដែល សត្វចិញ្ចឹមមានចំពោះម្ចាស់ មិនប្រាកដថាអ្នកអាចរកបាន ពីលើខ្លួនមនុស្សដែល នៅជុំវិញខ្លួនអ្នកនោះទេ បើទោះបីជា ពួកគេជាសាច់ញាត្តិ ឬមនុស្សដែលជិតស្និទ្ធិនឹងអ្នក យ៉ាងណាក៏ដោយ ព្រោះថានៅថ្ងៃមួយ អាចដោយសារតែ ផលប្រយោជន៍អ្វីមួយ ពួកគេនឹងអាច ក្បត់អ្នកបានគ្រប់ពេល តែសុនខរបស់អ្នក មិនអាចទេ។ ហេតុនេះហើយ ទើបបានជាមនុស្សសម័យបច្ចុប្បន្ន និយមមានសត្វសុនខចិញ្ចឹម ព្រោះថាសុនខមាន ភាពស្មោះត្រង់ ជាងមនុស្សភាគច្រើន ឆ្ងាយណាស់៕ដោយ៖សហការី