ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី និងក្រុមការងារចុះពិនិត្យមើលកាកសំណល់គ្រាប់បែកគីមី៣ឃុំក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី និងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលកាកសំណល់គ្រាប់បែកគីមីនៅក្នុង៣ឃុំនិងសម្រេចសំណើជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិត
នៅចំណុចភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ការចុះពិនិត្យមើលនេះក៏មានការចូលរួមពីលោកហូ វុទ្ធី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិអាវុធគីមី លោកសូ ម៉ុលអភិបាលស្រុក មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត ក្រុមការងារ អាជ្ញាធរអាវុធគីមី លោកប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងអាជ្ញាធរឃុំទាំង ៣មានឃុំគគីរ ឃុំត្រស់ និងឃុំអំពិល។

បើតាមលោកសូ ម៉ុល អភិបាលស្រុករមាសហែកបានឱ្យដឹងថា គ្រាប់បែកសរុប៥៩គ្រាប់ស្មើនឹង៥៩ទីតាំងក្នុងភូមិសាស្ត្រចំនួន៣ឃុំមានឃុំគគីរមានសរុបចំនួន៣៦គ្រាប់ស្មើ៣៦ទីតាំង,
ឃុំអំពិលមាន៣គ្រាប់ស្មើ៣ទីតាំង និង
ឃុំត្រស់មាន១៩គ្រាប់ស្មើ១៩ទីតាំង។

លោកបន្តថា ចំពោះចំណុចទីតាំងដែលបានវេចខ្ចប់រួចមានចំនួន៣គ្រាប់,
ចំណុចទីតាំងធ្វើរបងហ៊ុមព័ទ្ធមានចំនួន៤គ្រាប់ស្មើ៤ទីតាំង ខណៈចំណុចទីតាំងដែលចាក់ដីលុបមិនមាននោះទេ។

បើតាមមន្ត្រីបម្រើការនៃអាជ្ញាធរជាតិអាវុធគីមី បានឱ្យដឹងថា
គោលបំណងបេសកកម្មរបស់លោកផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី និងក្រុមការងារគឺដើម្បីចុះសិក្សាស្រាវជ្រាវរុករកគ្រាប់បែកគីមីកាកសំណល់សង្គ្រាមទសវត្សរ៍ទី៦០-៧០។
-ចូលរួមអនុវត្តតាមតួនាទីភារកិច្ចរបស់នាយកដ្ឋានគ្រប់គ្រងសារធាតុអាវុធគីមី។
-ការប្រមូលចងក្រងឯកសារទិន្ន័យចំណុចទីតាំងកាកសំណល់គ្រាប់បែកគីមីឱ្យបានច្បាស់លាស់។
-បន្តការរុករកសំណល់គ្រាប់បែកគីមីនិងចងក្រងទិន្ន័យ។
-ពង្រឹងសមត្ថភាពក្រុមការងាររុករកឱ្យកាន់តែប្រសើរឡើង និងបន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលពីឥទ្ធិពលនៃកាកសំណល់គ្រាប់បែកគីមីដល់ប្រជាពលរដ្ឋនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖