ប្រធានាធិបតីបារាំង លោកEmmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចេញបញ្ជាឲ្យបិទប្រទេសទាំងមូលក្នុងថ្ងៃទី ២៩ខែតុលា ក្នុងពេលការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំងនៅទូទាំងតំបន់អឺរ៉ុបទាំងមូល។ ការឆ្លងរាលដាលកូវីដ-១៩ កើតឡើងជាថ្មីចំពេលរដូវរងាចូលមកដល់ ។
ប្រធានាធិបតីបារាំងបញ្ជាក់ថា «វីរុសបានឆ្លងរាលដាលក្នុងល្បឿនលឿនបំផុតក្នុងតំបន់ ដូច្នេះយើង និងប្រទេសជិតខាងចាំបាច់ត្រូវតែវិលត្រឡប់ទៅកាន់ដំណាក់កាលបិទប្រទេសជាថ្មី ទប់ស្កាត់ការឆ្លងរាលដាលឲ្យបានល្អបំផុត»។
តាមការលើកឡើងរបស់ប្រធានាធិបតីបារាំងច្បាប់បិទប្រទេសជាថ្មី និឹងចូលជាធរមាននៅថ្ងៃទី៣០ខែតុលា។ នៅពេលនោះពលរដ្ឋត្រូវតែស្នាក់នៅក្នុងផ្ទះ លើកលែងតែមានករណីចាំបាច់ប៉ុណ្ណោះទើបអាចចេញទៅក្រៅបានដើម្បីទិញអាហារ គឺចេញទៅតែ១ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចំណែកពលករត្រូវបានអនុញ្ញាតឲ្យទៅធ្វើការប្រសិនបើថៅកែរបស់ពួកគាត់មិនអានុញ្ញាតឲ្យធ្វើការពីផ្ទះនោះ។
ដូចការបិទប្រទេសកាលពីលើកទីមួយដែរ អ្នកដែលចេញពីផ្ទះគឺត្រូវតែមានលិខិតសម្គាល់ខ្លួនជាថ្មី ក៏ដូចជាលិខិតអនុញ្ញាតផ្សេងៗ។ បច្ចុប្បន្នបារាំងមានករណីឆ្លងថ្មីដល់ទៅជាង៣៦ពាន់នាក់ក្នុងមួយថ្ងៃ។ ចំណេកប្រទេសផ្សេងទៀតក្នុងតំបន់ក៏មានករណីឆ្លងច្រើនផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរ អាល្លឺម៉ង់ក៏បានប្រកាសបិទក្លិប ភោជនីយដ្ឋាន រោងភាពយន្ត ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០ ដូចអ្វីដែលអធិការបតី Merkel និងមេដឹកនាំក្នុងតំបន់អឺរ៉ុបបានព្រមព្រៀងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ៕
ដោយ៖ធី រីណា