ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកនៅដែនសមុទ្រសេណេហ្គាល់ស្លាប់​១៤០នាក់​

ចែករំលែក៖

     អន្តរជាតិ៖ កាលពីថ្ងៃទី​២៩ខែតុលា អង្គការ​ជនភៀសខ្លួនអន្តរជាតិ (IOM) បានប្រកាសថា យ៉ាងហោចណាស់ក៏មានមនុស្ស​១៤០នាក់ដែរបានស្លាប់ដោយសារលង់ទឹក ក្រោយពីទូកដឹកអ្នកដំណើរប្រមាណ​២០០នាក់បានលិចកាលពីសប្តាហ៍កន្លងមកនៅដែនសមុទ្រសេណេហ្គាល់(Senegal)។
តាមសេចក្តីប្រកាសរបស់ (IOM) បានបញ្ជាក់ថា​ នេះជាករណីលិចទូកសម្លាប់មនុស្សច្រើនបំផុត មិនធ្លាប់មានជាច្រើនឆ្នាំកន្លងមក​។ កាលពីពេលថ្មីៗនេះ ក៏មានករណីលិចទូកបណ្តាលឲ្យមានអ្នកស្លាប់​១០​នាក់និង​ជាង​៦០នាក់រងរបួស​ដែរ ។ ពាក់ព័ន្ធការលិចនាវាកាលពីសប្តាហ៍កន្លងមក នៅមានអ្នកដំណើរ​១៤០នាក់ក្នុងចំណោម​​២០០នាក់បានបាត់ខ្លួន ហើយក្រុមស្វែងរកសន្និដ្ឋានថាអ្នកដំណើរទាំងនោះបានស្លាប់​ហើយ។
តាមការប្រកាសពីរដ្ឋាភិបាលសេណេហ្គាល់ ក្នុងអំឡុងពេលចាប់ពីថ្ងៃទី​៧ដល់ថ្ងៃទី​២៥ខែតុលា ដោយមានការចូលរួមពីកម្លាំងទាហានជើងទឹកអេស្ប៉ាញ កម្លាំងទាហានសេណេហ្គាល់ ទប់ស្កាត់បានកាណូ​ត៥គ្រឿង​ដឹកជនភៀសខ្លួនចូលទៅកាន់តំបន់អឺរ៉ុប​ និងជួយសង្គ្រោះជនភៀសខ្លួន​បាន​៣៨៨នាក់ ។
កម្លាំងការពារដែនសមុទ្រសេណេហ្គាល់ ក៏បានចាប់មនុស្ស ២៨នាក់ពាក់ព័ន្ធការដឹកជញ្ជូនមនុស្សខុសច្បាប់ចូលទៅកាន់អឺរ៉ុប។ ការដឹកជញ្ជូនភាគច្រើនលើសចំណុះ​ ងាយស្រួលក្នុងការលិចពេលជួបខ្យល់ខ្លាំង​៕ដោយ៖ធី រីណា


ចែករំលែក៖