អន្តរជាតិ៖ បន្ទាប់ពីក្រសួងការបរទេសអាមេរិក អនុម័តគម្រោងលក់ប្រព័ន្ធការពារឆ្នេរតម្លៃ២,៤ពាន់លានដុល្លារឲ្យតៃវ៉ាន់ ត្រូវបានរដ្ឋាភិបាលចិនប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកបី ដែលលក់អាវុធឲ្យតៃវ៉ាន់ ។ ជាការឆ្លើយឆ្លងមុនចេះចប់រវាងចិន និងអាមេរិក ជាក់ស្តែងនៅថ្ងៃទី២៨ ខែតុលាថ្មីៗនេះ មន្ត្រីជាន់ខ្ពស់អាមេរិក បានមើលស្រាលការគំរាមកំហែងរបស់ចិនដែលបានប្រកាសដាក់ទណ្ឌកម្មមកលើក្រុមហ៊ុនលក់អាវុធរបស់ខ្លួន ដោយផ្អែកលើហេតុផលថាវាធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា ទាក់ទិននឹងទណ្ឌកម្មនេះ លោកRené Clarke Cooper មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកក្នុងការលក់អាវុធ បានលើកឡើងយ៉ាងដូច្នេះថា៖ «វាមិនមែនជាលើកដំបូងទេ ដែលក្រុងប៉េកាំងព្រមានដាក់ទណ្ឌកម្មមកលើក្រុមហ៊ុនអាមេរិក»។ បើតាមមន្ត្រីអាមេរិករូបនេះ វាមានការគំរាមកំហែង និងការញុះញង់ជុំវិញបញ្ហាលក់អាវុធ។
លោកCooper បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ថែមថា ការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ ផ្អែកទៅតាមច្បាប់ក្នុងស្រុករបស់ខ្លួន ដើម្បីឲ្យកោះតៃវ៉ាន់អាចការពារខ្លួនបាន ពីការគំរាមមួយចំនួន។ ម្យ៉ាងវិញទៀត ការលក់ឲ្យអាវុធបែបនេះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏ដឹងរួចហើយថា អាមេរិកនឹងបន្តលក់អាវុធឲ្យតៃវ៉ាន់ក្នុងពេលទៅមុខទៀត។
សូមជម្រាបថា ក្រសួងការបរទេសចិននៅពេលថ្មីៗនេះ បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing Defense និង ក្រុមហ៊ុន Raytheon បន្ទាប់ពីលក់អាវុធឲ្យតៃវ៉ាន់ជិត២ពាន់លានដុល្លារ។ ព្រោះកាលពីខែកក្កដា កន្លងទៅ ចិនក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin ដែរ។ប៉ុន្តែលើកនេះ ចិនបានចេញមកជំទាស់តែប៉ុណ្ណោះ និងមិនមែនទណ្ឌកម្មអ្វីបន្ថែមឡើយ។
គួរបញ្ជាក់ដែរថា ចំពោះការយល់ឃើញរបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះកោះតៃវ៉ាន់ គឺជាចំណុចកណ្តាលនៃស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិក។ចំណែកការទិញអាវុធរបស់តៃវ៉ាន់ទៀតសោត មិនមែនជាសកម្មភាពសម្លុតប្រទេសណាមួយឡើយ ផ្ទុយទៅវិញចិនទេ ដែលតែងតែបង្កសកម្មភាពគំរាមកំហែងដាក់អ្នកដទៃ និងប្រទេសជិតខាង ៕ដោយ៖ស តារា